តំបន់ជាច្រើននៅភាគខាងលិច នៃសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងទប់ទល់នឹងការឡើងកម្ដៅក្ដៅជាងគេបំផុតលើផែនដី ខណៈដែលរលកកម្ដៅដ៏គ្រោះថ្នាក់ នៅតែបន្តវាយប្រហារភាគខាងលិច និងភាគខាងត្បូង នៃប្រទេសនេះ។
បើយោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក(NWS) បានឲ្យដឹងថា ចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានការព្យាករណ៍ពីសីតុណ្ហភាព ដែលឡើងខ្ពស់ដល់ ៤៥អង្សាសេ នៅរដ្ឋកាលីហ្វ័រញ៉ា ណេវ៉ាដាអារីហ្សូណា តិចសាស់ ផ្លរីដា អូរីហ្គិន និងអៃដាហូ។
កម្ដៅអាចឡើងដល់៥៤,៤អង្សាសេ នៅផ្នែកខ្លះនៃរដ្ឋអារីហ្សូណា និងណេវ៉ាដា ដោយអ្នកព្យាករណ៍បានព្រមានអំពីលទ្ធភាពនៃការឡើងក្ដៅខ្លាំងឡើងៗគ្រប់ពេលវេលា ទាំងនៅទីក្រុង Phoenix និង Las Vegas ដែលទីក្រុងទាំងពីរនេះ ស្ថិតនៅក្រោមការព្រមានអំពីការឡើងកម្ដៅខ្លាំងបំផុត។
បើយោងតាមNWS បានឲ្យដឹងថា សីតុណ្ហភាពឡើងក្ដៅខ្លាំងនេះ គឺដោយសារតែ «តំបន់កម្រិតខ្ពស់មានសម្ពាធខ្ពស់» នៅភាគនិរតីដែលត្រៀមឡើងកាន់តែខ្ពស់ឡើងៗ៕

