នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រ (ទី១៤ ខែកក្កដា) ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការកសាងផ្លូវតភ្ជាប់ រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនោះ លោក al-Sudani បានសង្កត់ធ្ងន់ថា៖ «ប្រទេសអ៊ីរ៉ាក់ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងភាពជាដៃគូ ទាំងក្នុងតំបន់ និងអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃប្រទេសជាបងប្អូន និងជាមិត្ត»។
ចំណែកឯលោក Erdogan បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រុមហ៊ុននៃប្រទេសទួរគី ដើម្បីធ្វើការលើគម្រោងផ្លូវអភិវឌ្ឍន៍ ដែលជាច្រករបៀងដឹកជញ្ជូន លាតសន្ធឹងពីខេត្ត Basra ភាគខាងត្បូងអ៊ីរ៉ាក់ទៅកាន់ព្រំដែនទួរគី ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ក្នុងតំបន់។
គម្រោងផ្លូវអភិវឌ្ឍន៍នេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលស្នើឡើងដោយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងខែឧសភា។ គម្រោងនេះមានគោលបំណងភ្ជាប់ភាគខាងត្បូងអ៊ីរ៉ាក់ ទៅកាន់ព្រំដែនជាមួយទួរគី ដែលផ្លូវនេះ នឹងតភ្ជាប់ទៅកាន់បណ្តាញផ្លូវដែក និងផ្លូវថ្នល់របស់តំបន់អឺរ៉ុប៕

