យោងតាមមូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅឆ្នាំនេះ កុមារប្រហែល ១១នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងសមុទ្រជារៀងរាល់សប្តាហ៍ នៅពេលដែលព្យាយាមឆ្លងកាត់ផ្លូវមេឌីទែរ៉ាណេកណ្តាលទៅកាន់ទ្វីបអឺរ៉ុប។
UNICEF ប៉ាន់ប្រមាណក្នុងទិន្នន័យចុងក្រោយរបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០១៨ មក កុមារប្រហែល ១.៥០០នាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួន ក្នុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់នេះ។ តួលេខទាំងនេះមិនរាប់បញ្ចូលទាំងស្ថានភាព ដែលទូកខ្លះ បានបាត់ដំណឹង នៅសមុទ្រ ដោយគ្មានបន្សល់អ្នករស់រានមានជីវិតសូម្បីម្នាក់ ឬបន្សល់ទុកនូវការកត់ត្រានោះផង ដែលមានន័យថា ចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះច្រើន។
ក្នុងសេចក្តីថ្លែងការណ៍មួយ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយថា៖ «ដោយការប៉ុនប៉ងស្វែងរកកន្លែងសុវត្ថិភាព ជួបជុំជាមួយគ្រួសារ និងស្វែងរកអនាគតដែលផ្ដល់ក្ដីសង្ឃឹមជាងនេះ កុមារជាច្រើននាក់ កំពុងឡើងជិះទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ហើយបញ្ចប់ជីវិតរបស់ពួកគេ ឬបាត់ខ្លួន»។
ប្រទេសអ៊ីតាលី គឺជាកន្លែងឈប់សំចតចម្បងនៅអឺរ៉ុប សម្រាប់ជនអន្តោប្រវេសន៍ ដែលកំពុងស្វែងរកការទទួលបានសិទ្ធិជាជនភៀសខ្លួន នៅអឺរ៉ុប។ អង្គការ UNICEF បានបន្ថែមថា ចំនួនបានកើនឡើង ដោយកត់សម្គាល់ថា កុមារចំណាកស្រុកប្រហែល ១១.៦០០នាក់ ដែលភាគច្រើនធ្វើដំណើរតែម្នាក់ឯង បានចុះចតនៅឆ្នេរសមុទ្រអ៊ីតាលីរហូតមកដល់ពេលនេះ ដោយមានចំនួនច្រើនជាងប្រហែល ២ដង ក្នុងពាក់កណ្តាលឆ្នាំ២០២២៕

