ធនធានមនុស្ស គឺជាទ្រព្យសកម្មរបស់ជាតិ ជាកត្តាកំណត់ និងជាមធ្យោបាយគន្លឹះ សម្រាប់គ្រប់ដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រសិនមានធនធានមនុស្សសម្បូរបែប គឺជាបុរេលក្ខខណ្ឌចាំបាច់ ដើម្បីកំណត់ជោគជ័យជូនជាតិ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ជំនាន់ទី២៦ ទី២៧ ទី២៨ និងទី២៩ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣ នេះថា រាជរដ្ឋាភិបាលបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស ជាគោលនយោបាយយុទ្ធសាស្រ្តរយៈពេលវែង, ធនធានមនុស្ស គឺជាទ្រព្យសកម្មរបស់ជាតិ ជាកត្តាកំណត់ និងជាមធ្យោបាយគន្លឹះ សម្រាប់គ្រប់ដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះថាគ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធផល និងប្រសិទ្ធភាពនោះឡើយ បើពុំមានធនធានមនុស្សដែលមានគុណវឌ្ឍិខ្ពស់ ជំនាញរឹង និងទន់ ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។

ឯកឧត្តម បន្តថា ជាមួយនិងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បច្ចុប្បន្នបានផ្សារភ្ជាប់ និងតម្រូវការមូលធនមនុស្ស និងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាពខ្ពស់ភាពច្នៃប្រឌិត សហគ្រិនភាព នវានុវត្តន៍ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ គឺដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ក្នុងន័យនេះ ការអប់រំក្នុងគោលដៅ សម្រាប់ឆ្នាំ២០៣០ ត្រូវផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់កម្រិតសិក្សា រួមទាំងការអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ជាពិសេសការសិក្សាពេញមួយជីវិត ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពការងារ ស្របតាមយុគសម័យឈានមុខដោយបច្ចេកវិទ្យាសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ភាពសុខុដុមជីវិតបុគ្គល និងវិបុលភាពនៃសេដ្ឋកិច្ច-សង្គមជាតិយើង ។
ឯកឧត្តម ជា ចាន់តូ បន្តលើកឡើងថា ជុំវិញការសិក្សានេះ បច្ចុប្បន្នកម្មគោលនយោបាយអប់រំជាតិ និងការធ្វើកំណែទម្រង់កម្មវិធីសិក្សាបុរេសកម្ម សំដៅអភិវឌ្ឍន៍យុវជនកម្ពុជាយើងឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារ និងដំណាក់កាលរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមជាតិ ដែលប្រទេសយើងកំពុងសម្របខ្លួនចាប់យកកាលានុវត្តភាព នៃការរីកចម្រើនឥតឈប់ឈរ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ដូច្នេះធនធានយុវជន ក្រៅពីមានកម្លាំងពលំមាំមួន ត្រូវមានប្រាជ្ញាជាពុទ្ធិ ដើម្បីធ្វើជាពលរដ្ឋល្អចូលរួមក្នុងសកម្មភាពមនុស្សធម៌ កិច្ចការសង្គម សេដ្ឋកិច្ច និងត្រូវបណ្ដុះមនសិការស្នេហាជាតិចំពោះមាតុភូមិរបស់ខ្លួន ប្រកបស្មារតីបរិសុទ្ធ មានសមត្ថភាព មានគុណធម៌ និងមានឆន្ទៈមោះមុត និងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជារៀងដរាប។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះ និស្សិតចំនួន ៤៥០ រូប ដែលបានបញ្ចប់ការសិក្សានៅមណ្ឌលសិក្សាបច្ចេកទេស ទទួលបានថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ក្នុងនោះនិស្សិតជំនាន់ទី ២៦ មាន ៦៧ រូប, និស្សិតជំនាន់ទី ២៧ មាន ១០៤ រូប, និស្សិតជំនាន់ទី ២៨ មាន ១១៩ រូប និងនិស្សិតបញ្ចប់នៅជំនាន់ទី ២៩ មានចំនួន ១២២ រូបផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី








