កំពង់ឆ្នាំង ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់ ប្រធាន និងសមាជិកអប់រំ នៃគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ។
វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្ត នៅតាមឃុំសង្កាត់ នាពេលខាងមុខ ព្រមទាំងជូនតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ក្នុងបរិយាកាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។
វគ្គបណ្តុះបណ្តាលនេះមានគ្រូឧទេ្ទសចំនួន៤នាក់ ធ្វើបទបង្ហាញតាមជំនាញ នីមួយៗដល់ គ្រូបង្គោល ទាំង៩៥នាក់ ដែលមកពីស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ និង ស្រុករលាប្អៀរ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងដំណើរកាចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ។ សម្រាប់នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន៨១៨ការិយាល័យ មានគណបក្សនយោបាយ ដែលបានចូលរួមឈឈ្មោះនៅមណ្ឌលខេត្តកំពង់ឆ្នាំង មានចំនួន១៤គណបក្ស ផងដែរ៕ អត្ថបទ៖ ហុងវាស្នា