ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះទីតាំងលក់គ្រឿងសម្ភារៈសំណង់ចិនមួយកន្លែងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវបេតុងហាណូយ ទល់មុខខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ោងប្រមាណ៤និង៤០នាទី ព្រឹកគេបានឃើញផ្សែងខ្មៅខ្លាំងហ៊ុយចេញពីទីតាំងកើតហេតុ ដោយឃើញមិនស្រួល អ្នកភូមិបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។
ក្រោយទទួលដំណឹងនេះ មន្ត្រីជំនាញអគ្គិភ័យការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ក្នុងហេតុការណ៍នេះមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ដើម្បីធ្វើការបាញ់ពន្លត់ឲ្យទាន់ពេលវេលាដោយមិនបណ្តាលឲ្យរាលដាលធំជាងនេះ។ នៅក្នុងករណីអគ្គិភ័យនេះ បានឆាបឆេះខូចខាតសម្ភារៈប្រើប្រាស់ និងសម្ភារៈលក់ដូរអស់មួយចំនួន ប៉ុន្តែមិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភៈ







