ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយ ជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងរយៈកាលកន្លងមក ចំនួន១,៤៤៧នាក់ ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមតម្រូវការប្រើប្រាស់ក្នុងក្រុមគ្រួសាររៀងៗខ្លួន។
ក្នុងឱកាសបែងចែកអំណោយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហាន ដែលជាតំណាង តាមបណ្តាអង្គភាពចំណុះ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូប បន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕






