សហភាពអឺរ៉ុបបានជំរុញឱ្យប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បញ្ឈប់ "អំពើហិង្សា និងវោហាសាស្ត្រដ៏ឃោរឃៅ" កាលពីថ្ងៃសៅរ៍ (១៥ កក្កដា) នៅជុំចុងក្រោយ នៃកិច្ចចរចានៅក្នុងដំណើរការសន្តិភាពដ៏លំបាកមួយ ដែលរុស្ស៊ីក៏កំពុងជំរុញឱ្យរក្សាតួនាទីដឹកនាំផងដែរ។
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel (ឆាល មីឆែល) បានជួបប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev (អ៊លហាំ អាលីយ៉េវ) និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ( នីកូល ប៉ាស៊ីយ៉ាន់) សម្រាប់កិច្ចពិភាក្សានៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក ក្នុងគោលបំណងបញ្ឈប់អរិភាពដែលមានមកជាងបីទសវត្សរ៍នេះ។
ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ប្រទេសទាំងពីរបានប្រយុទ្ធគ្នាពីរលើកជុំវិញបញ្ហាតំបន់ Nagorno-Karabakh (ណាហ្គ័រណូ-ការ៉ាបាក់) ដែលជាតំបន់ភ្នំតូចមួយជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីប្រហែល ១២០.០០០នាក់រស់នៅទីនោះ។
រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានត្រៀមជាស្រេចក្នុងការរៀបចំកិច្ចប្រជុំបីផ្លូវជាមួយអាមេនី និងអាស៊ែបៃហ្សង់ក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះអាចត្រូវបានតាមដានជាមួយនឹងកិច្ចប្រជុំកំពូលនៅទីក្រុងម៉ូស្គូ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។
ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចស៊ែលមក ប្រទេសអាស៊ែបៃហ្សង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រក្រសួងការបរទេសរបស់ខ្លួនថា រុស្ស៊ី និងអាមេនី មិនបានបំពេញកិច្ចព្រមព្រៀងបទឈប់បាញ់ដែលរួមបញ្ចូលតំបន់ Nagorno-Karabakh ជាទឹកដីខ្លួនវិញនោះទេ៕

