ប្រដាល់៖ កំពូលកីឡាករប្រដាល់ទាំងពីរ Anthony Joshua និង Tyson Fury នឹងឡើងសង្វៀនប្រកួតដណ្តើម និងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកនៅថ្ងៃទី១៤ ខែសីហាខាងមុខនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត នេះបើតាមការលើកឡើងរបស់ Tyson Fury។ Joshua នឹងការពារខ្សែក្រវាត់ WBA, IBF និង WBO របស់ខ្លួនទល់នឹងម្ចាស់ខ្សែក្រវាត់ WBC, Tyson Fury។

ការប្រកួតរបស់កីឡាករអង់គ្លេសទាំង ២នាក់នឹងក្លាយជាការប្រកួតដែលអស្ចារ្យបំផុតមួយ ដោយខ្សែក្រវាត់ទាំង ៤ ត្រូវបានប្រកួតនៅក្នុងប្រភេទទម្ងន់ធ្ងន់ជាលើកដំបូង។ Anthony Joshua ទទួលបានជ័យជំនះ ២៤ដង និងចាញ់ ១ដងពីការប្រកួតអាជីពចំនួន ២៥លើក ប៉ុន្តែបានបាត់បង់ខ្សែក្រវាត់ពិភពលោកចំនួន ៣ របស់ខ្លួនក្នុងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយចាញ់ Andy Ruiz Jr កាលពីខែមិថុនា ឆ្នាំ២០១៩។ ចំណែក Tyson Fury មិនដែលចាញ់នៅក្នុងការប្រកួតអាជីពចំនួន ៣១លើកនោះទេ ប៉ុន្តែមិនដែលឡើងសង្វៀនតាំងពីផ្តួល Deontay Wilder កាលពីខែកុម្ភៈ ឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ