កាលពីថ្ងៃសៅរ៍ ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់បានធ្វើបាតុកម្មតាមដងផ្លូវនៅទីក្រុង Dusseldorf( ឌូស៊ុលដហ្វ) ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងការធ្វើឲ្យជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្តកាន់តែកើនឡើង ហើយបានអំពាវនាវឱ្យមានវិធានការដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។ ពួកគេបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) ពីបទបំផ្លាញសន្តិភាព និងញុះញង់ឲ្យមានសង្គ្រាម។
ពួកបាតុករបានកាន់បដាដែលសរសេរថា "គ្មានសន្តិភាពជាមួយណាតូទេ" "យើងចង់បានសន្តិភាព" និង "បញ្ឈប់សង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី" ។ ពួកគេបាននិយាយថា នៅពេលដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងដោយសារហេតុផលដ៏ស្មុគស្មាញនោះ បណ្ដាប្រទេសលោកខាងលិចបាននិងកំពុងជំរុញឱ្យមានភាពតានតឹងបន្ថែមទៀត តាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
បាតុករខ្លះបារម្ភថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយពេលយូរ នឹងទាញអាល្លឺម៉ង់ឲ្យចូលក្នុងសង្រ្គាមនោះដែរ។ ជម្លោះនេះបានជំរុញឱ្យមានអតិផរណានៅអឺរ៉ុប ហើយក្នុងនាមជាប្រទេសនាំមុខនៃសេដ្ឋកិច្ចអឺរ៉ុប សេដ្ឋកិច្ចរបស់អាល្លឺម៉ង់នៅឆ្នាំ២០២៣នេះ ត្រូវបានប្រកាសអាសន្នដោយចក្ខុវិស័យសេដ្ឋកិច្ចដ៏អាក្រក់។
ក្រុមអ្នកតវ៉ាខ្លះបាននិយាយថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងថាមពលរបស់រុស្ស៊ី ប៉ុន្តែអឺរ៉ុបគឺជាអ្នកទទួលរងនូវផលវិបាក៕

