ឧទ្យាន Death Valley ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានឡើងកម្ដៅដល់កម្រិតខ្ពស់ប្រចាំថ្ងៃគឺ ១២៩ហ្វារិនហៃ (៥៤អង្សាសេ) កាលពីថ្ងៃសៅរ៍ (១៥ កក្កដា) ហើយអ្នកទេសចរជាច្រើនដែលមកទស្សនាឧទ្យានជាតិសហរដ្ឋអាមេរិកមួយនេះបាននិយាយថា ពួកគេសង្ឃឹមថាខ្លួននឹងនៅជាផ្នែកមួយនៃកម្ដៅបំបែកកំណត់ត្រាដែលអាចកើតមាននៅចុងសប្តាហ៍នេះ។
ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពថ្ងៃអាទិត្យនេះនៅឧទ្យាន Death Valley ដែលជាទីក្តៅបំផុតមួយនៅលើផែនដីក្នុងរដូវក្តៅ អាចកើនឡើងលើស ១៣០ហ្វារិនហៃ ដែលបានកត់ត្រាទុកកាលពីឆ្នាំ២០២១។ កំណត់ត្រាកម្ដៅដែលមិនធ្លាប់មានរបស់ឧទ្យាននេះគឺកម្រិត ១៣៤ហ្វារិនហៃ ដែលបានកត់ត្រាទុកកាលពីខែកក្កដា ឆ្នាំ១៩១៣ គឺជាសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងពិភពលោក។
ខណៈដែលកម្តៅមិនផ្លូវការនៅខាងក្រៅមជ្ឈមណ្ឌលទស្សនាឧទ្យាន Death Valley នេះបានឡើងដល់១២៩ហ្វារិនហៃ កម្ដៅដ៏ក្ដៅនោះបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនដែលអ្នកខ្លះចាត់ទុកថាជាបទពិសោធន៍ម្ដងក្នុងឆាកជីវិត។ លោក Andy ដែលជាភ្ញៀវទេសចរម្នាក់បាននិយាយថា កម្ដៅដ៏ក្ដៅបំបែកកំណត់ត្រាកម្រិត១៣០ហ្វារិនហៃ គឺជាហេតុផលតែមួយគត់សម្រាប់ដំណើរកម្សាន្តរបស់លោកទៅទីនោះ ដោយលោកបន្ថែមថា "ទីនេះត្រូវបានព្យាករណ៍ថានឹងមានសីតុណ្ហភាពខ្ពស់បំផុតចំនួន១៣១ហ្វារិនហៃ" ។ ប៉ុន្តែមិនមែនអ្នកទេសចរឧទ្យាននោះទាំងអស់មានអារម្មណ៍រំភើបចំពោះកម្ដៅដ៏ក្ដៅដែលអាចកើតមាននេះនោះទេ៕

