លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះភាពជោគជ័យធំចំនួនពីរនៅប្រទេសកម្ពុជា គឺភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងឱកាសទិវាបុណ្យជាតិបារាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា«ឆ្នាំកន្លងទៅជាឆ្នាំពោរពេញដោយព្រឹត្តិការណ៍វិជ្ជមានជាច្រើន។ សម្រាប់ប្រទេសកម្ពុជា តាមការយល់ឃើញជាទូទៅ ប្រទេសនេះទទួលបានជោគជ័យធំៗចំនួនពីរ ពោលគឺការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ដែលមានការចូលរួមពីសំណាក់មេដឹកនាំពិភពលោក និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្រ្ត និងកីឡាអាស៊ានប៉ារាហ្គេមដែលជាពេលវេលានៃមោទនភាពជាតិ និងក្តីសោមនស្ស ដែលខ្លួនខ្ញុំផ្ទាល់អាចសង្កេតឃើញក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍ខាងលើ។ អត្តពលិកជាច្រើនដែលមានសញ្ជាតិខ្មែរ និងសញ្ជាតិបារាំងបានឈ្នះមេដាយជាច្រើន»។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងទៀតថា ការណ៍នេះបានបន្ថែមវិស័យកីឡាចូលទៅក្នុងភាពសម្បូរបែបនៃទំនាក់ទំនងនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង)។ ក្នុងវិស័យកីឡានេះដែរ លោកក៏មានសោមនស្សរីករាយ ដោយសារយុវជន យុវនារីកម្ពុជាចំនួន៩នាក់ ត្រូវបានជ្រើសរើសឱ្យទៅបំពេញការងារស្ម័គ្រចិត្តរយៈពេល៦ខែនៅប្រទេសបារាំង ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីស៍នាពេលខាងមុខនេះ។
ជាមួយគ្នានោះដែរលោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរអគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចសាងសង់វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឡើងវិញផងដែរ ដោយលោកបានចាត់ទុកថា ការដែលរាជរដ្ឋាភិបាលមានការផ្តួចផ្តើមគំនិត សាងសង់នូវវិមាននេះគឺប្រកបដោយសោមនស្សរីករាយ ដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបារាំង មិនត្រឹមតែមានតាំងពីយូរលង់ប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងគ្មានជម្លោះដែលបង្កឡើងដោយការចងចាំពីអតីតកាលថែមទៀតផង។ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងត្រៀមអបអរខួប៧០ឆ្នាំនៃឯករាជ្យ ដែលព្រះបរមរតនកោដ្ឋទទួលបានប្រកបដោយអហិង្សា ពោលគឺមិនត្រឹមតែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនោះទេ ថែមទាំងបើកទៅកាន់សម័យកាលនៃកិច្ចសហប្រតិបត្តិការមិនធ្លាប់មាន ដែលក្នុងថ្ងៃនេះយើងទាំងអស់គ្នាជាអ្នកទទួលកេរមរតកនេះផង និងជាអ្នកបន្តវេនផង៕ អត្ថបទ៖ បាន ចក់








