សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែលបាននិយាយថា ការបាញ់ប្រហារនៅក្បែរតំបន់ទីលំនៅរបស់ជនជាតិជ្វីសនៅសហគមន៍ Tekoa ក្នុងតំបន់វេស ប៊ែង (West Bank) នៅថ្ងៃអាទិត្យ (១៦ កក្កដា)នេះ បានធ្វើឱ្យជនជាតិអ៊ីស្រាអែល៣នាក់រងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសង្រ្គោះនោះបានបន្ថែមថា ក្រុមគ្រូពេទ្យប៉ារ៉ារបស់ខ្លួន រួមជាមួយនឹងក្រុមពេទ្យយោធា បានព្យាបាលបុរសវ័យ៣០ឆ្នាំម្នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដោយពួកគេទាំងពីរនោះនាក់បានរងរបួសស្រាលដោយសារគ្រាប់កាំភ្លើងនៅនឹងកន្លែង។ ក្រោយមក ពួកគេត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យក្រុងហ្សេរូសាឡឹម ដើម្បីទទួលការព្យាបាលបន្ថែម។
កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងគោលបំណងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតំបន់វេស ប៊ែង ទីក្រុងហ្សេរូសាឡឹមភាគខាងលិច និងតំបន់កាហ្សា បានបរាជ័យនៅក្នុងឆ្នាំ ២០១៤ ហើយមិនមានសញ្ញានៃការដំណើរការឡើងវិញទេ។ អ៊ីស្រាអែលបានដណ្តើមយកតំបន់ទាំងបីនោះនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧។
អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំនៅតំបន់វេស ប៊ែង កាលពីដើមខែកក្កដានៅក្នុងទីក្រុងជេនីន។ ជនជាតិប៉ាឡេស្ទីន១២នាក់ ដែលភាគច្រើនបញ្ជាក់ថា ជាយុទ្ធជនសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ ក៏ដូចជាទាហានអ៊ីស្រាអែលម្នាក់ផងដែរ៕

