អ៊ីតាលី៖ ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នអាកាសធាតុក្ដៅពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយក្រុមអ្នកឧតុនិយមព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងតំបន់អឺរ៉ុបខាងត្បូងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ប្រទេសអេស្ប៉ាញ អ៊ីតាលី និងក្រិក កំពុងជួបប្រទះការហក់ឡើងសីតុណ្ហភាពរយៈពេលប៉ុន្មានថ្ងៃរួចមកហើយ ដែលបានបំផ្លិចបំផ្លាញដំណាំកសិកម្ម និងបង្ខំឲ្យអ្នកទេសចរនានា រកកន្លែងជ្រកម្លប់។
ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៤ពាន់នាក់ នៅលើកោះឡា ផាម៉ា(La Parma) របស់អេស្ប៉ាញ ត្រូវបានជម្លៀសខណៈភ្លើងឆេះព្រៃបានឆេះរាលដាលខ្លាំងគ្រប់គ្រងលែងបាន ។
ប្រទេសក្រិក បានបិទសារៈមន្ទីរបុរាណ អាក្រូប៉ូលីស (Acropolis) អំឡុងថ្ងៃដែលមានអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។

រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក អូរ៉ាស៊ីយ៉ូ ស្គីឡាស៊ី (Orazio Schillaci)និយាយថា ក្រុមអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅទីក្រុងរ៉ូម(Rome) និងជំរុញឲ្យ ប្រជាពលរដ្ឋថែរក្សាសុខភាព។ លោកបានប្រាប់កាសែត ធី អាយ ម៉េសេចជើរ៉ូ(Il Messaggero) កាលពីថ្ងៃអាទិត្យថាសីតុណ្ហភាពបានហក់ឡើងដល់៤៣អង្សាសេ ដូច្នេះអ្នកមិនគួរទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏ធំសម្បើម ពិសេសមនុស្សចាស់ដោយបន្ថែមថាប្រជាពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ អំឡុងថ្ងៃក្ដៅបំផុតចន្លោះម៉ោង ១១ថ្ងៃត្រង់ និងម៉ោង៦ល្ងាច។
នៅអេស្ប៉ាញក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្រមានពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ និងបាននិយាយថា នឹងរំខានដល់ការទទួលទានដំណេកនៅពេលយប់ នៅពេលដែលសីតុណ្ហភាពទំនងជាមិនចុះក្រោម២៥អង្សាទេ នៅទូទាំងប្រទេស៕