ចិន៖ កងនាវាតូចនៃកងទ័ពជើងទឹកចិនកាលពីថ្ងៃអាទិត្យ បានចេញដំណើរទៅចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនៅសមុទ្រជប៉ុនក្នុងសមយុទ្ធមួយ ដែលមានគោលបំណង«ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ» នេះបើយោងតាមក្រសួងការពារជាតិចិន។

សមយុទ្ធនេះ មានឈ្មោះថា «Northern/Interaction-2023» គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ ខណៈ ដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។
ក្រសួង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិន មាននាវាចម្បាំងចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកនៅលើនាវាចំនួន ៤គ្រឿង បានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង«តំបន់ដែលបានកំណត់ទុកជាមុន»។

កាលពីថ្ងៃសៅរ៍ ក្រសួងបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នឹងចូលរួមក្នុងសយុទ្ធ ដែលធ្វើឡើងនៅសមុទ្រជប៉ុន។
សារព័ត៌មានរដ្ឋ Global Times បានដកស្រង់សម្តីអ្នកសង្កេតការណ៍យោធា ដោយនិយាយថា នេះគឺជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរ ចូលរួមក្នុងសមយុទ្ធនេះ៕