អេស្ប៉ាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលគ្រប់គ្រងលែងបាន និងបង្ខំឱ្យមានការជម្លៀសមនុស្សយ៉ាងហោចណាស់ ៤ពាន់នាក់ នៅលើកោះឡា ផាល់ម៉ា (La Palma) របស់អេស្ប៉ាញ ។
ភ្លើងឆេះនៅកោះ La Palma បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នៅក្នុងតំបន់អេល ភីណាឌឺ ផុនតាហ្គ័រដា( El Pinar de Puntagorda) ជាតំបន់ព្រៃឈើនៅភាគខាងជើងនៃកោះនេះ ដោយចាំបាច់ត្រូវជម្លៀសប្រជាជនចេញពីភូមិ ផុន តាហ្គ័រដា (Puntagorda) និងភូមិ ទីចារ៉េហ្វ (Tijarafe) ដែលនៅជិតខាង។

យន្តហោះទម្លាក់ទឹកពីលើអាកាសចំនួន ១០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យនៅលើដី ៣០០ នាក់បានព្យាយាមពន្តត់អណ្ដាតភ្លើងឆេះព្រៃ នៅលើកោះនេះ ដែលជាផ្នែកមួយនៃប្រជុំកោះ កាណារី(Canaries)របស់ឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិក និងដែលបានទទួលរងនូវការហក់ឡើងសីតុណ្ហភាពខ្លាំងស្រដៀងទៅនឹងអ្វីដែលបានឃើញនៅក្នុងរលកកម្ដៅដែលប៉ះពាល់ដល់ទ្វីបអឺរ៉ុបភាគខាងត្បូង។
អ្នកពន្លត់អគ្គិភ័យ ម្នាក់ វ័យ ៤៦ ឆ្នាំលោក ហូសេ ហ្វើណាដេស (Jose Fernandez) បានប្រាប់សារព័ត៌មាន រ៉យទ័រថា យើងមានការពិបាក វាពិបាកបន្តិច ដោយសារ ការប្រែប្រួលកម្លាំងខ្យល់ និងកម្ដៅថ្ងៃចុងក្រោយ ប៉ុន្តែយើងកំពុងបន្តនៅឡើយ ។

ក្រុមពន្លត់អគ្គិភ័យបានកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់មួយដើម្បីធានាថាភ្លើងបានឈប់នៅផ្លូវមួយហើយមិនអាចរាលដាលបន្តទៀតទេ។
លោក ហ្វើណាដេស ក្លាវីចូ (Fernando Clavijo) ប្រធានគ្រប់គ្រងកោះ Canary បាននិយាយថា ផ្ទះសម្បែងយ៉ាងហោចណាស់២០ខ្នងត្រូវបានបំផ្លាញ ខណៈភ្លើងឆេះរាលកាន់តែខ្លាំងឡើង។
ក្រុមអាជ្ញាធរបាននិយាយថា ភ្លើងព្រេះបានប៉ះពាល់ដល់ផ្ទៃដីជាង ៤.៦៥០ ហិកតា៕