រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ី មានស្តុកគ្រាប់បែកចង្កោមគ្រប់គ្រាន់ និងមានសិទ្ធប្រើប្រាស់អាវុធទាំងនេះ ប្រសិនបើគ្រាប់រំសេវប្រភេទនេះ ជាការប្រើប្រាស់ដែលលោកនិយាយថា លោកបានចាត់ទុកវាជាបទឧក្រិដ្ឋ ត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងមកលើកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកជាអ្នកគាំទ្រផ្នែកយោធាធំបំផុតរបស់ខ្លួន ដែលបាននិយាយថា គ្រាប់រំសេវត្រូវការដើម្បីប៉ះប៉ូវសម្រាប់កង្វះគ្រាប់ផ្លោងដែលប្រឈមមុខដោយកងកម្លាំងទីក្រុងគីវ នៅពេលមួយដែលពួកគេ កំពុងរៀបចំការវាយបក។ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់នៅក្នុងបណ្តាប្រទេសជាង១០០ ព្រោះគ្រាប់បែកប្រភេទនេះ ជាធម្មតា បញ្ចេញចំនួនគ្រាប់បែកតូចៗជាច្រើនគ្រាប់ ដែលអាចសម្លាប់មនុស្សមិនរើសមុខ នៅតំបន់ដ៏ធំទូលាយ។ គ្រាប់បែកមួយចំនួនមិនបានផ្ទុះនោះទេ ហើយវាអាចបង្កគ្រោះថ្នាក់រយៈពេលជាច្រើនទសវត្សរ៍ ជាពិសេសសម្រាប់កុមារ។ ទីក្រុងគីវ បាននិយាយថា ខ្លួននឹងប្រើប្រាស់គ្រាប់បែកចង្កោមដើម្បីបណ្តេញការប្រមូលផ្តុំទាហានសត្រូវ នៅពេលកំពុងព្យាយាមដណ្តើមយកមកវិញទឹកដីរបស់ខ្លួន ប៉ុន្តែនឹងមិនប្រើប្រាស់ពួកវានៅលើទឹកដីរុស្ស៊ី នោះទេ។ លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋ ថា ទីក្រុងមូស្គូ នឹងឆ្លើយតបប្រសិនបើវាំបាច់។ លោកនិយាយថា នៅក្នុងសហព័ន្ធរុស្ស៊ី មានស្តុកគ្រប់គ្រាន់នៃគ្រាប់បែកចង្កោមប្រភេទខុសៗគ្នា។ យើងមិនទាន់បានប្រើប្រាស់វានៅឡើយនោះទេ។ ប៉ុន្តែ ពិតណាស់ប្រសិនបើគ្រាប់បែកប្រភេទនេះត្រូវបានប្រើប្រាស់មកលើពួកយើង យើងមានសិទ្ធមានចំណាត់ការត្រលប់ទៅវិញ។
អង្គការឃ្លាំមើលសិទ្ធមនុស្ស និយាយថា ទាំងទីក្រុងមូស្គូ ទាំងទីក្រុងគីវ បានប្រើប្រាស់គ្រាប់បែកចង្កោមរួចទៅហើយ។ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ពុំបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនោះទេ ដែលអនុសញ្ញានេះហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរសព្វវុធ៕
