កណ្តាល៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជាឃុំស្អាងភ្នំ ស្រុកស្អាង សរុបចំនួន៣០០នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន ឯកឧត្ដម សុខ សូកេន បានរំលេចពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើង ពីគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះទៀត ឯកឧត្ដម សុខ សូកេន ក៏បានអំពាវនាវដល់សកម្មជន សមាជិកសមាជិកាគណបក្ស ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
ឯកឧត្តម សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិកគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនាតាមខ្នងផ្ទះរបស់សមាជិកគណបក្ស ដើម្បីពិនិត្យឯកសារបោះឆ្នោត និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។
ក្រោយសកម្មភាពឃោសនាបោះឆ្នោត ឯកឧត្តម សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោល និងអំពូលសូឡាចំនួន ១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការជួសជុលអគារសិក្សាជាដើម៕

