អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និងប៉ូឡូញបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកប្រយុទ្ធមកពីក្រុម វ៉េកណា (Wagner) បានទៅដល់ប្រទេសបេឡារុសពីប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីទីក្រុង មីនស៍ ( Minsk) បាននិយាយថាទាហានស៊ីឈ្នួលកំពុងហ្វឹកហាត់ទាហានរបស់ប្រទេសនេះ នៅភាគអាគ្នេយ៍នៃរដ្ឋធានី។

លោក អានឌ្រី ឌីមឆិនកូ (Andriy Demchenko) អ្នកនាំពាក្យរបស់ទីភ្នាក់ងារព្រំដែនអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា ក្រុមអ្នកប្រយុទ្ធទាហានស៊ីឈ្នួល វេកណា (Wagner) កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ។ លោកបាននិយាយថាចលនារបស់ក្រុមផ្ដាច់ខ្លួន ពីប្រទេសរុស្ស៊ី ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសបេឡារុស។
ប្រភពចំនួនពីរដែលជិតស្និទ្ធនឹងក្រុមអ្នកប្រយុទ្ធបានប្រាប់សារព័ត៌មាន Reuters ថា ក្រុមអ្នកប្រយុទ្ធ Wagner មួយចំនួន បានស្ថិតនៅក្នុងប្រទេសបេឡារុស ចាប់តាំងពីថ្ងៃអង្គារមក។ក្រសួងការពារជាតិបេឡារុស បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រ ដោយបង្ហាញពីអ្វីដែលខ្លួនបាននិយាយថា ក្រុមយុទ្ធជនWagnerកំពុងបណ្តុះបណ្តាលទាហានបេឡារុសនៅជួរយោធាក្បែរទីក្រុងអូស៊ីផូវីជី (Osipovichi) ។
លោកប្រធានាធិបតី Vladimir Putin បាននិយាយថា សកម្មភាពរបស់ ក្រុមទាហានស៊ីឈ្នួល ទៅកាន់ប្រទេសបេឡារុស គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការប៉ុនប៉ងបះបោររបស់ក្រុមនេះកាលពីខែមិថុនា នៅពេលពួកគេបានកាន់កាប់ទីបញ្ជាការយោធារុស្ស៊ី ដោយបានដើរក្បួនទៅកាន់ទីក្រុងមូស្គូ និងបានគំរាមថានឹងបង្វែរប្រទេសរុស្ស៊ីចូលទៅក្នុងសង្រ្គាមស៊ីវិល ។

គេពុំបានមើលឃើញ ប្រធាន Wagner លោក យ៉េវហ្គេនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) បង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីលោកបានចាកចេញពីទីក្រុង រ៉ូស្តូវ អន ដុន ( Rostov-on-Don) ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា។ លោក ស្តានីស្លាវ ហ្សារីន(Stanislaw Zaryn) អនុរដ្ឋមន្ត្រីសម្របសម្រួលសេវាកម្មពិសេសរបស់ប្រទេសប៉ូឡូញ បាននិយាយថាទីក្រុង វ៉ាសូវី (Warsaw) ក៏មានការបញ្ជាក់ពីវត្តមានរបស់ក្រុមយុទ្ធជន Wagner នៅក្នុងប្រទេសបេឡារុសនោះផងដែរ៕