គូវ៉ែត៖ ប្រទេសគូវ៉ែត គ្រោងនឹងបង្កើតមូលនិធិអធិបតេយ្យភាពថ្មី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន គម្រោងធំៗសំខាន់ៗនិងទាក់ទាញមូលនិធិពីវិនិយោគិនបរទេស និងវិស័យឯកជន នេះបើយោងតាមផែនការរបស់រដ្ឋាភិបាលដែលសារព័ត៌មានReuters បានមើលឃើញ កាលពីថ្ងៃអាទិត្យ។

ឯកសារនោះ បានឲ្យដឹងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរ វិនិយោគគូវ៉ែត (KIA) ក្នុងការសិក្សាផែនការសម្រាប់មូលនិធិដែលបានស្នើឡើង មានឈ្មោះថា Ciyada ជាភាសាអារ៉ាប់សម្រាប់អធិបតេយ្យភាព។
ពុំមានការចង្អុលបង្ហាញអំពីតម្លៃនៃមូលនិធិដែលCiyada នឹងគ្រប់គ្រង ឬគម្រោងជាក់លាក់ណាមួយ ដែលវានឹងជួយផ្នែកហិរញ្ញវត្ថុនោះទេ។
ឯកសារដដែល បានឲ្យដឹងទៀតថា មូលនិធិអភិវឌ្ឍន៍ Ciyada នឹងត្រូវបានប្រើ ដើម្បីដឹកនាំការវិនិយោគក្នុងស្រុក ដែលមានបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកសេដ្ឋកិច្ចរបស់ប្រទេសគូវ៉ែត។
អាជ្ញាធរវិនិយោគគូវ៉ែត (KIA) ដែលមានទ្រព្យសកម្មជាង ៨០០ ពាន់លានដុល្លាររួចទៅហើយ នៅក្រោមការគ្រប់គ្រង យោងទៅតាមអ្នកតាមដានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព Global SWF គ្រប់គ្រងការិយាល័យវិនិយោគកូវ៉ែត ដែលគ្រប់គ្រងមូលនិធិបម្រុងទូទៅ(GRF)និងមូលនិធិជំនាន់អនាគត(FGF)៕