ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បកស្រាយការទូទាត់ប្រាក់ឆ្លងដែន រវាងប្រាក់រៀលខ្មែរ និងប្រាក់យ័នចិន បន្ទាប់ពីមានការស្រាយខុសបច្ចេកទេស ដែលធ្វើឲ្យប្រជាជនមួយចំនួនមានការព្រួយបារម្ភ ។
ការទូទាត់តាមបែបឌីជីថលនេះ គឺអនុញ្ញាតឱ្យប្រជាជនចិន ធ្វើការទូទាត់តាមរយៈស្កេន QR Code ប៉ុណ្ណោះ ដោយមិនឱ្យអនុញ្ញាតឱ្យមានការចរចាលុយយ័នចិននៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមន្ត្រីជំនាញនៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣នេះ បានលើកឡើងក្នុងជំនួបជាមួយសារព័ត៌មានថា កន្លងមកធនាគារជាតិនៃកម្ពុជា ឃើញសារព័ត៌មានមួយចំនួនតូច បានបកស្រាយខុសបច្ចេកទេសនៃគោលបំណងស្នូល បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន UnionPay របស់ប្រទេសចិន ក្នុងនោះបានធ្វើប្រជាជនមួយចំនួនមានការព្រួយបារម្ភ ខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិត បន្តថា ពាក់ព័ន្ធនិងគោលបំណងនៃអនុស្សរណ:យោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត" នាពេលថ្មីៗកន្លងមកនេះ ធនាគារជាតិ នៃកម្ពុជា មិនមែនឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញក្រដាសលុយយ័នចិន មកចាយនៅកម្ពុជានោះឡើយ។ ជាក់ស្តែងកន្លងមក ធនាគារជាតិនៃកម្ពុជា តែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដោយធនាគារជាតិនៃកម្ពុជា មិនធ្វើអ្វីឱ្យខុសពីគោលការណ៍ខាងលើឡើយ។
លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា នៅក្រោមអនុស្សារណៈនេះ ធនាគារជាតិនៃកម្ពុជា មានគោលបំណងជំរុញឱ្យ ទេសចរចិន ដែលមកលេងស្រុកខ្មែរ អាចទូទាត់តាមទូរស័ព្ទ mobile app ដោយប្រើប្រាស់សេវាទូទាត់របស់ UnionPay ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូច្នេះធនាគារស្រុកចិន ត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់មកលុយរៀលសិន ទើបផ្ញើមកគណនីអ្នកលក់នៅស្រុក ខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបាន លុះត្រាតែអ្នកលក់ស្រុកខ្មែរ ទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។
ចំពោះទេសចរខ្មែរទៅស្រុកចិនវិញ ពួកគេអាចចាយដូចទេសចរចិនមកចាយនៅកម្ពុជាបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នក លក់នៅស្រុកចិន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរ ដែលមិនមានប្រាក់ សន្សំជាប្រាក់រៀល ឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀល ដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណៈនេះ ហើយវិធានធ្វើឡើង ក៏ដើម្បីលើក កម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀល និងមុខមាត់ប្រទេសកម្ពុជា ក្នុងវិស័យទូទាត់អេឡិចត្រូនិកលើឆាកអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី