អាមេរិក៖ ជនជាតិអាមេរិកជាង ១០០លាននាក់ ប្រឈមនឹងការឡើងកម្ដៅខ្លាំង ដែលអូសបន្លាយពេលយ៉ាងយូរ ខណៈដែលក្រុងអាតែន (Athens) ប្រទេសក្រិក បានសម្រេចបិទស្ថានទីបុរាណ Acropolis អំឡុងពេលមានអាកាសធាតុក្តៅខ្លាំងបំផុត នៅពេលខ្លះ កាលពីថ្ងៃសុក្រ (ទី១៥ ខែកក្កដា) ដើម្បីការពារភ្ញៀវទេសចរ នៅពេលដែលតំបន់អឺរ៉ុបភាគខាងត្បូង ទទួលរងនូវរលកកម្ដៅដែលក្ដៅស្ទើរទ្រាំមិនបាន។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលផ្កាយរណបរបស់ខ្លួន តាមដានសីតុណ្ហភាពនៅលើដី និងសមុទ្រ បានព្រមានថា ប្រទេសអ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ កំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ។ សីតុណ្ហភាព នាសប្តាហ៍ក្រោយ អាចឲ្យអឺរ៉ុបជួបនឹងកម្ដៅក្ដៅលើសពីកម្ដៅបច្ចុប្បន្ន ៤៨,៨អង្សាសេ ដែលត្រូវបានកត់ត្រា នៅលើកោះស៊ីស៊ីលី (Sicily) ក្នុងខែសីហា ឆ្នាំ២០២១។
ពិភពលោកបានជួបប្រទះនឹងថ្ងៃដែលក្តៅបំផុតមិនធ្លាប់មាន កាលពីសប្តាហ៍មុន ដោយអ្នកវិទ្យាសាស្ត្រ បានបន្ទោសថា នេះកើតឡើងដោយសារការរួមផ្សំគ្នានៃការឡើងកម្ដៅផែនដីរយៈពេលវែង ដែលបង្កឡើងដោយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការជំរុញរយៈពេលខ្លីពីព្រឹត្តិការណ៍ El Niño ដែលជាលំនាំអាកាសធាតុក្តៅជាធម្មតាដែលមានប្រភពមកពីមហាសមុទ្រប៉ាស៊ីហ្វិក។
នៅកន្លែងជាច្រើន នៅភាគនិរតីនៃសហរដ្ឋអាមេរិក ដែលតែងមានរដូវក្តៅក្តៅខ្លាំងជាប្រក្រតី សីតុណ្ហភាពឡើងក្ដៅកាន់តែខ្លាំងឡើងៗ រហូតដល់អាចនឹងខ្ពស់ជាងការព្យារការណ៍អាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ជាក់ស្ដែង ទីក្រុង Phoenix ក្នុងរដ្ឋ Arizona មានសីតុណ្ហភាពក្ដៅខ្លាំងលើស ៤៣,៣អង្សាសេ រយៈពេល ១៥ថ្ងៃជាប់ៗគ្នា ហើយគ្លីនិកចល័ត ត្រូវព្យាបាលអ្នកគ្មានផ្ទះសម្បែង ដែលទទួលរងនូវការរលាកកម្រិតទី៣ និងការខ្វះជាតិទឹកធ្ងន់ធ្ងរ។
ឥទ្ធិពលនៃរដូវក្តៅក្ដៅខ្លាំង ត្រូវបាននាំឲ្យចាប់អារម្មណ៍ខ្លាំង ចំពោះការសិក្សាមួយ ក្នុងសប្តាហ៍នេះថា មនុស្សរហូតដល់ ៦១.០០០នាក់ អាចនឹងស្លាប់ អំឡុងការឡើងកម្ដៅកាន់តែក្ដៅខ្លាំងឡើងៗ នៅទូទាំងទ្វីបអឺរ៉ុប កាលពីរដូវក្តៅមុន៕
