ភ្នំពេញ៖ វិនិយោគចិន បានបន្តឈរលើកំពូលតារាង ជាអ្នកបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លើកឡើងថា ទំនាក់ទំនងជិតស្និតរវាងរដ្ឋាភិបាលទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកសាងទំនុកចិត្តដល់វិនិយោគិនចិន បន្តចូលមកបោះទុនរកស៊ីនៅកម្ពុជា។
យោងតាមរបាយផ្លូវការ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា (FDI) មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលមានប្រភពទុនចម្បង មកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល ឬស្មើនឹងប្រមាណ២០,៥៩ប៊ីលានដុល្លារអាមេរិក។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុង និងរដ្ឋាភិបាលចិន បានកសាងទំនុកចិត្តដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
បើតាមរបាយការណ៍ដដែល លំហូរវិនិយោគ FDI នេះ គ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។ វិស័យអចលនទ្រព្យ និងសំណង់ មានទុនវិនិយោគ FDI ប្រមាណ ២១,៥ទ្រីលានរៀល និង៩,៨ទ្រីលានរៀល រៀងគ្នា៕ អត្ថបទ៖ វណ្ណៈ