ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានគូសបញ្ជាក់ថា មានកីឡាករជម្រើសជាតិមួយចំនួនតូច បានធ្លាក់ចុះសមត្ថភាព តែក៏សម្លឹងអ្នកបន្ដវេនល្អៗច្រើនដែរ ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ឯកឧត្តមមានប្រសាសន៍ថា ទោះបីកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា មានទទួលរងផលប៉ះពាល់ផ្លូវអារម្មណ៍ ក្រោយខកខានចូលរួមស៊ីហ្គេម តែពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីរក្សា និងបង្កើននូវគុណភាព ជាក់ស្ដែងឆ្លងកាត់ការប្រកួត ៣ថ្ងៃកន្លងមក គឺមានកីឡាករជម្រើសជាតិភាគច្រើន នៅតែធ្វើបានល្អ គ្រាន់តែមានសមាជិកជម្រើសជាតិមួយចំនួនតូច ហាក់ធ្លាក់ចុះកម្លាំង ។ យ៉ាងណាក្ដី សហព័ន្ធក៏បានសម្លឹងឃើញឈាមថ្មី ដើម្បីបន្ដវេនក្នុងវិស័យកីឡាមួយនេះផងដែរ ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ បានចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៨នាក់ មកពី ១៦ រាជធានី-ខេត្ត និងក្រសួង ។ ជាលទ្ធផលបច្ចេកទេស គឺក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង រួមមានមេដាយមាស ៦ ប្រាក់២ និងសំរឹទ្ធ ៣, លេខ២ ក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ៥ ប្រាក់៦ និងសំរឹទ្ធ ៤) ខណៈលេខ៣ ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ឈ្នះមេដាយសរុប ១១គ្រឿង គឺមានមេដាយមាស ៤ ប្រាក់៣ និងសំរឹទ្ធ ៤គ្រឿង៕ អត្ថបទ៖ លី ឈុនឡា






