អាមេរិក៖ លោកចន ឃើរី ( John Kerry) បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ បានទៅដល់ប្រទេសចិន ដើម្បីស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី ចំពេលសប្តាហ៍នៃការកើនឡើងកម្តៅនៅអឌ្ឍគោលខាងជើង ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា កំពុងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ។

ការធ្វើដំណើររយៈពេល៤ថ្ងៃរបស់លោកឃើរី ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកចំនួនពីរផ្សេងទៀតទៅកាន់ប្រទេសចិននៅឆ្នាំនេះ ខណៈដែលប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ធ្វើការដើម្បីរក្សាស្ថិរភាពទំនាក់ទំនងដែលតានតឹងដោយជម្លោះពាណិជ្ជកម្ម ភាពតានតឹងផ្នែកយោធា និងការចោទប្រកាន់ពីបទចារកម្ម។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយអំពីការមកដល់របស់លោកឃើរី នៅទីក្រុងប៉េកាំង ដែលចាប់ពីថ្ងៃចន្ទនេះតទៅ «ចិននិងសហរដ្ឋអាមេរិក នឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ» អំពីបញ្ហាអាកាសធាតុ។
កិច្ចពិភាក្សាទ្វេភាគីរបស់បេសកជនជាមួយសមភាគីចិន លោក ស៊ី ចិនហួ ( Xie Zhenhua) នឹងផ្តោតលើបញ្ហារួមទាំងការកាត់បន្ថយការបំភាយឧស្ម័នមេតាន ការកំណត់ការប្រើប្រាស់ធ្យូងថ្ម ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការជួយប្រទេសក្រីក្រដោះស្រាយការប្រែប្រួលអាកាសធតុ៕