
កីឡាករប្រណាំងកង់ហូឡង់ Wout Poels បានប្រជែងឈ្នះដំណាក់កាលទី ១៥ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France នៅលើទឹកដីបារាំង ខណៈដែលអ្នកការពារតំណែងជើងឯក និងជាអ្នកកំពុងនាំមុខគេក្នុងតារាងរួម កីឡាករដាណឺម៉ាក Jonas Vingegaard ត្រូវកាត់បន្ថយពេលវេលានាំមុខ។
ដំណាក់កាលទី ១៥ ដែលមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Team Bahrain Victorious, Wout Poels បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤០ នាទី ១៥ វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert របស់ក្រុម Jumbo-Visma យឺតជាង ២ នាទី៨ វិនាទី និងអ្នកលេខ ៣ កីឡាករម្ចាស់ផ្ទះបារាំង Mathieu Burgaudeau យឺតជាង ៣ នាទីគត់។

យ៉ាងណាក្តី ក្រោយឆ្លងកាត់ ១៥ ដំណាក់កាលកន្លងមកនេះ អ្នកការពារតំណែងជើងឯក Jonas Vingegaard នៅតែរក្សាការនាំមុខដដែល តែមានត្រឹម ១០ វិនាទីប៉ុណ្ណោះពីលើអ្នកលេខ ២ កីឡាករស្លូវេនៀ Tadej Pogacar និងអ្នកលេខ ៣ គឺ កីឡាករអេស្ប៉ាញ Carlos Rodriguez យឺតជាង ៥ នាទី ២១ វិនាទី។
សម្រាប់ថ្ងៃចន្ទនេះ ជាថ្ងៃសម្រាក ខណៈដំណាក់កាលទី ១៦ នឹងបន្តនៅថ្ងៃអង្គារស្អែកលើចំងាយផ្លូវ ២២.៤ គីឡូម៉ែត្រប៉ុណ្ណោះ និងជាដំណាក់កាលសំខាន់ដោយកីឡាករម្នាក់ៗត្រូវប្រជែងយកថេរវេលាផ្ទាល់ខ្លួន មិនពឹងផ្អែកលើកក្រុមទៀតឡើយ។
ព្រឹត្តិការណ៍ប្រណាំងកង់ Tour de France នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅទីក្រុងប៉ារីស៕ អត្ថបទ៖ នាង សុភាវុធ
