ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឈុន ប៊ុនថន នៅតែរក្សាតំណែងលេខ១ ក្នុងចំណោមអត្តពលិកអាស៊ាន ដែលចូលរួមការប្រកួតកីឡាអត្តពលិកជម្រើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ទោះបីរូបគេ ពុំទទួលបានជយលាភីក្នុងការប្រកួតប្រចាំទ្វីបនេះក៏ដោយ ។
កីឡាករមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ជាវិញ្ញាសាដែលរូបគេដណ្ដើមបានមេដាយមាសជូនជាតិ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីខកខានការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។
ក្នុងវិញ្ញាសានេះ ប៊ុនថន ប្រើប្រាស់ថិរវេលា ១នាទី និង ៥០.០៩វិនាទី គឺជាកំណត់ត្រាថ្មី និងបំបែកកំណត់ត្រាចាស់លើវិញ្ញាសាដូចគ្នា កាលពីស៊ីហ្គេម ដែលរូបគេប្រើថិរវេលា ១នាទី និង ៥២.៩១វិនាទី។ លទ្ធផលនេះដែរ បានធ្វើឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះ ឈរចំណាត់ថ្នាក់លេខ៥ ក្នុងវគ្គជម្រុះ(Heat) និងឈរចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមអត្តពលិកអាស៊ី ។
ប៉ុន្ដែបើក្រឡេកមកចាប់អារម្មណ៍ ក្នុងចំណោមអត្តពលិកអាស៊ីអាគ្នេយ៍ ដែលចូលរួមការប្រកួតជើងឯកអាស៊ីនេះ ផ្អែកលើលទ្ធផលបច្ចេកទេសជារួម ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជារូបនេះ នៅតែរក្សាតំណែងលេខ១ ដដែល ដ្បិតក្នុងការប្រកួតនេះ គេក៏មានកីឡាករវៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើតចូលរួមប្រកួតផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ២០២៣ នៅប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ហើយសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបញ្ជូនកីឡាករ-កីឡាការិនី ៣រូបចូលរួម គឺមានម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថុន, កីឡាករ ណឹប ច័ន្ទយ៉ុរ៉ុង និងកីឡាការិនី ពក ពិសី ក្រោមការដឹកនាំរបស់លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធ និងលោក បូរ ពុធរាត្រី ជាគ្រូបង្វឹក ៕ អត្ថបទ៖ លី ឈុនឡា



