ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានថ្លែងថា បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ សម្រាប់អាស៊ាន ហើយប្រទេសសមាជិកទាំងអស់ ក៏បានជំរុញ និងទាមទារដល់មីយ៉ាន់ម៉ាខ្លួនឯង ត្រូវខិតខំដោះស្រាយបញ្ចប់នូវជម្លោះនេះ ។
ក្នុងសន្និសីទសារព័ត៌មាន ដើម្បីរាយការណ៍អំពីលទ្ធផល នៃការចូលរួម របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា ត្រូវបាននាំយកទៅពិភាក្សាក្នុងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៦ ដោយបញ្ហានៅក្នុងប្រទេសមួយនេះ មានការលំបាក និងស្មុគស្មាញ ហើយភាគីទាំងអស់ បានធ្វើការពិភាក្សាច្រើន ។
ឯកឧត្តម បានបន្តថា បច្ចុប្បន្នការប៉ះទង្គិចគ្នា រវាងរដ្ឋាភិបាលណៃពីដោ និងកងកម្លាំង នៅតែបន្តកើតមាន តែយ៉ាងណាប្រទេសជាសមាជិក និងប្រធានអាស៊ាន កំពុងខិតខំប្រឹងប្រែង និងធ្វើការសម្របសម្រួល ខណៈដែលភាគីកម្ពុជា នៅបន្តរក្សាជំហរដដែលខិតខំតាមលទ្ធភាពជួយដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយមួយ ដែលអាចបញ្ចប់វិបត្តិនៅទីនោះ ហើយនាំមកវិញនូវប្រក្រតីភាព ។
គួរបញ្ជាក់ថា វិបត្តិដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងជិត៣ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់រកឃើញដំណោះស្រាយ ដើម្បីបញ្ចប់នៅឡើយនោះទេ ខណៈជម្លោះនេះ បានបណ្ដាលឲ្យមានជនស៊ីវិលជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត រួមទាំងផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញជាបន្តបន្ទាប់ ៕អត្ថបទបាន សុខរិទ្ធិ