អាមេរិក៖ មន្ត្រីនៅតំបន់ Bucks បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) ថា មនុស្ស ៥នាក់ បានស្លាប់ ហើយមនុស្ស ២នាក់ផ្សេងទៀត នៅតែរកមិនទាន់ឃើញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ នៅក្នុងសង្កាត់ Upper Makefield ក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា)។
សមត្ថកិច្ច នៅតែតាមរកក្មេង ដែលជាបងប្អូនបង្កើតនឹងគ្នា ២នាក់ ដោយក្មេងប្រុសអាយុ ៩ខែ និងក្មេងស្រីអាយុ២ឆ្នាំ។ ចៅសង្កាត់ Upper Makefield Fire លោក Tim Brewer បានប្រាប់អ្នកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានថា ចំណែកឯនារីពេញវ័យម្នាក់ដែលបាត់ខ្លួននៅមុននេះ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃអាទិត្យ។
លោក Brewer បាននិយាយថា ជនរងគ្រោះជាច្រើន ជាសមាជិកគ្រួសារតែមួយ ដែលរស់នៅក្នុងក្រុង មកពីទីក្រុង Charleston រដ្ឋ South Carolina ធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិ ហើយលោកបាននិយាយថា ពួកគេកំពុងបើកបរទៅហាងសាច់អាំងមួយ នៅពេលដែលពួកគេត្រូវបានទឹកហូរនាំទៅ។
លោក Brewer បានបញ្ជាក់ថា ឪពុក និងកូនប្រុសអាយុ ៤ឆ្នាំ អាចគេចផុតពីគ្រោះថ្នាក់ ក្នុងទឹកជំនន់នេះ ប៉ុន្តែគួរឲ្យសោកស្ដាយ ម្តាយ ជីដូន និងកូន ២នាក់ទៀត មិនមានសំណាងល្អនោះទេ។
នគរបាលបាននិយាយថា ទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ ៥៣២ ចន្លោះផ្លូវ Aqueduct និងផ្លូវ Wrightstown។ យោងតាមនាយកដ្ឋាននគរបាលសង្កាត់ Upper Makefield បានឲ្យដឹងថា គ្រោះទឹកជំនន់បានធ្វើឲ្យមនុស្សជាច្រើននៅតាមដងផ្លូវស្រឡាំងកាំង ហើយមនុស្សជាច្រើននាក់ បានជាប់ក្នុងរថយន្តរបស់ពួកគេ៕


