ខ្សែការពារកណ្តាលអង់គ្លេស Harry Maguire បានឱ្យដឹងថា តំណែងប្រធានក្រុមបិសាចក្រហម Manchester United របស់គេត្រូវបានដកដោយអ្នកចាត់ការ Erik ten Hag។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានទទួលតំណែងប្រធានក្រុមតាំងពីពេល Ole Gunnar Solskjear នៅដឹកនាំនៅខែមករាឆ្នាំ ២០២០ ពោលគឺ ៥ ខែបន្ទាប់ពីទិញពី Leicester City តម្លៃ ៨០ លានផោន។
កីឡាករអង់គ្លេសរូបនេះ ក៏បានបង្ហាញអារម្មណ៍ខកចិត្តដែរ តែមិនមែនជាឧបសគ្គនៃអាជីពរបស់គេឡើយ។

Harry Maguire ដែលចាប់ផ្តើម ១១ នាក់ដំបូងរដូវកាលមុនត្រឹម ៨ លើកនៅ Premier League ត្រូវបានគេដឹងថាក្លិបញញួរធំ West Ham កំពុងចាប់អារម្មណ៍។
តំណែងការពារកណ្តាលរបស់ Harry Maguire បានបាត់បង់ បន្ទាប់ពីទំរង់លេងរបស់គេធ្លាក់ចុះខ្លាំង ស្របពេលដែលអ្នកចាត់ការ Erik ten Hag ផ្តល់ទំនុកចិត្តលើ Raphael Varane និង Lisandro Martinez ខណៈដែល Vintor Lindelof ក៏ជាជម្រើស ហើយខ្សែការពារឆ្វេង Luke Shaw អាចកណ្តាលបានដែរ។
កិច្ចសន្យារបស់ Harry Maguire ជាមួយ Manchester United នៅមានសុពលភាពដល់ឆ្នាំ ២០២៥ ខណៈ West Ham ដែលទើបលក់ Declan Rice ទៅ Arsenal បាន ១០៥ លានផោននោះ រំពឹងថាអាចនាំយកអតីតខ្សែការពារ Leicester City រូបនេះមកកាន់ក្លិបនៅរដូវក្តៅនេះ៕ អត្ថបទ៖នាង សុភាវុធ
