អ៊ុយក្រែន៖ សារព័ត៌មាន The New York Times បាននិយាយថា កងទ័ពអ៊ុយក្រែន បានបាត់បង់សព្វាវុធច្រើនជាង២០ភាគរយ ដែលពួកគេបានប្រើប្រាស់ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃការវាយបកលើរុស្ស៊ី។ ការរាយការណ៍កាលពីថ្ងៃសៅរ៍ ដែលបានបានលើកឡើងដោយមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុប និយាយថា ការបាត់បង់រួមមានរថក្រោះដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។

សេចក្តីរាយការណ៍បាន បន្ថែមថា ស្ថានភាពបានរីកចម្រើននូវអ្វីមួយចំនួន បន្ទាប់ពីអ៊ុយក្រែនផ្តោតបន្ថែមទៀតលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីយកឈ្នះកងកម្លាំងរុស្ស៊ី។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយកាលពិថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន កំពុងរុលទៅកាន់ភាគខាងត្បូងទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើត។
លោកស្រីនិយាយថា មានការប្រយុទ្ធគ្នាកាន់តែខ្លាំង ហើយជំហររបស់ភាគីសង្គ្រាមទាំងពីរផ្លាស់ប្តូរជាច្រើនដងក្នុងមួយថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយតាមទូរទស្សន៍រដ្ឋ ដែលបានផ្សាយកាលពីថ្ងៃអាំទិត្យថា ការវាយបករបស់អ៊ុយក្រែនពុំទទួលបានជោគជ័យនោះទេ។

លោក Putin បានព្រមានថា ប្រទេសរបស់លោក មានសិទ្ធិបតវិញ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងដែលធានាដល់ការនាំចេញសុវត្ថិភាពនៃផលិតផលកសិកម្មរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ បានដល់ពេលផុតកំណត់នៅថ្ងៃចន្ទនេះ។ កិច្ចព្រមព្រៀង ដែលបានសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសទួរគី បានបន្ថែមពេល៣ដង។ ក្រុមមន្ត្រី នៅវិមានក្រឹមឡាំង និយាយថាពួកគេ ពុំអាចធ្វើបែបនេះម្តងទៀតនោះទេ៕
