កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្ស ៥នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកចំនួន ៤ផ្សេងគ្នា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា មនុស្ស ៥នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានកុមារាម្នាក់អាយុ ៩ឆ្នាំផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន មនុស្សទាំង ៥នាក់ដែលទើបត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នោះ មាននៅស្រុកចំការលើ ១នាក់ ស្រុកបាធាយ ១នាក់ ក្រុងកំពង់ចាម ១នាក់ និងស្រុកកំពង់សៀម ២នាក់។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ផងដែរថា លទ្ធផលនេះ គឺជាការធ្វើតេស្តទៅលើមនុស្ស ១៦៩នាក់កាលពីថ្ងៃម្សិលមិញនេះ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ពលរដ្ឋ ៥នាក់ដែលទើបត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាមហើយ។
រដ្ឋបាលខេត្តនេះក៏បានអំពាវនាវដល់ពលរដ្ឋពាក់ព័ន្ធឱ្យចូលរួមផ្ដល់សំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯង៕
