អារ៉ាប៊ីសាអ៊ូឌីត៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបពិភាក្សាជាមួយមេដឹកនាំរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងសមុទ្រក្រហម Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលរូបលោកបានធ្វើដំណើរទៅដល់ កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៦ ខែកក្កដា) ជាផ្នែកនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានឲ្យដឹងថា លោក Kishida និងរជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងយល់ព្រមលើកិច្ចសហប្រតិបត្តិការធនធានរ៉ែដ៏កម្រ និងរួមគ្នាស្វែងរកគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសផ្សេងទៀត។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងកាលពីថ្ងៃអាទិត្យនោះថា ខ្លួននៅតែប្តេជ្ញាធានាការផ្គត់ផ្គង់ប្រេងដល់ប្រទេសជប៉ុន ហើយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ ពាក់ព័ន្ធនឹងអ៊ីដ្រូសែនស្អាត អាម៉ូញាក់ និងឥន្ធនៈកាបូនដែលបានកែច្នៃឡើងវិញ។

សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពល ដោយដកស្រង់បន្ទូលរបស់រដ្ឋមន្ត្រី ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានព្រះបន្ទូលថា ព្រះរាជាណាចក្របនេះ នឹងបន្តផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការស្តុកប្រេងទុករបស់រដ្ឋបាលខេត្តអូគីណាវ៉ា នៅភាគខាងត្បូងប្រទេសជប៉ុន៕