កាណាដា៖ ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់ទីក្រុង Edmontonស្ថិតនៅតំបន់ភាគខាងលិចប្រទេសកាណាដា ធ្វើឲ្យកើតមានផ្សែងធូលីកាលពីចុងសប្តាហ៍កន្លងទៅ ។
ប្រទេសកាណាដា ស្ថិតនៅលើផ្លូវជួបរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងនោះភ្លើងឆេះព្រៃ បានឆាបឆេះទ្រង់ទ្រាយធំផងដែរនៅតំបន់ភាគខាងកើតប្រទេស ស្របពេលដែលការបំភាយឧស្ម័នបង្កឡើងដោយសារភ្លើងឆេះព្រៃ បានឡើងដល់កម្រិតខ្ពស់បំផុត ។ ដីព្រៃលើផ្ទៃក្រឡាប្រហែល ១០លានហិច បានឆាបឆេះរួចទៅហើយនៅទូទាំងប្រទេស ចាប់តាំងពីខែឧសភារហូតមក ។
លោក Bill Blairគឺជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសង្រ្គោះបន្ទាន់កាណាដា បាននិយាយថា នៅក្នុងខេត្ត Quebec យោធាកាណាដា ត្រូវបានដាក់ពង្រាយ ដើម្បីជួយជម្លៀសបន្ទាន់នៅភាគខាងជើងខេត្ត ។
ដោយឡែក នៅក្នុងខេត្ត British Columbia ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រហែល ២ពាន់នាក់ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃជាង ៣៥០កន្លែង ៕

