អាមេរិក៖ ក្រុមហ៊ុន Twitter បានបាត់បង់ប្រាក់ចំណូលស្ទើរតែពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកដោយលោក Elon Musk ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីខែតុលាឆ្នាំមុនមក។ លោកបាននិយាយថា ក្រុមហ៊ុននេះមិនបានឃើញកំណើនចំណូលដែលត្រូវបានគេរំពឹងទុកកាលពីខែមិថុនានោះទេ ប៉ុន្តែលោកបានបន្ថែមថា ខែកក្កដា គឺជា «ខែរកចំណូលបានគ្រាន់បើជាងខែមុន»។
បន្ទាប់ពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងកាត់បន្ថយសេវាកម្មផ្សេងៗមក លោក Musk បាននិយាយថាក្រុមហ៊ុន Twitter មានប្រាក់ចំណូលចំនួន ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ ដោយធ្លាក់ចុះពីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំ២០២១។

លោកស្រី Linda Yaccarino ដែលពីមុនជាប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៅក្រុមហ៊ុន NBCUniversal ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter កាលពីខែមិថុនា ដែលជាការផ្លាស់ប្តូរដើម្បីបង្ហាញថា ការផ្សាយពាណិជ្ជកម្មនៅតែជាអាទិភាពសម្រាប់ក្រុមហ៊ុន Twitter ។ លោកស្រី Yaccarino បាននិយាយថា ក្រុមហ៊ុន Twitter គ្រោងនឹងផ្តោតលើវីដេអូ អ្នកបង្កើតមាតិកា និងដៃគូពាណិជ្ជកម្មផងដែរ៕