កូរ៉េខាងត្បូង៖ សីតុណ្ហភាពក្តៅហែង និងភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសកូរ៉េខាងត្បូងក្នុងខែកក្កដានេះ ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ និងផលិតកម្មបន្លែ ព្រមទាំងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកកើនឡើងខ្ពស់ជាងធម្មតា។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយសាជីវកម្មកសិកម្មនេសាទ និងស្បៀងអាហាររបស់កូរ៉េបានឲ្យដឹងថា តម្លៃនៃផលិតផលកសិកម្មសំខាន់ៗចំនួន១៩មុខរបស់ប្រទេសនេះបានកើនឡើងបើធៀបនឹងខែមុន។

ជាឧទាហរណ៍ តម្លៃលក់ដុំនៃសាឡាត់មួយប្រអប់ទម្ងន់ ៤គីឡូក្រាមកើនឡើងទ្វេដងពីខែមុនរហូតដល់ ២៦.០០០វ៉ុន (ប្រហែល២០,៤៨ដុល្លារ)។ ហើយតម្លៃស្ពៃខ្មៅ និងស្ពៃក្តោបបានកើនឡើង ៩០,២ភាគរយ និង ៥១,៧ភាគរយរៀងគ្នាក្នុងមួយខែ នេះបើយោងតាមទិន្នន័យ។
ទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បសុសត្វ និងស្បៀងអាហាររបស់ប្រទេស បានបង្ហាញថា ភ្លៀងធ្លាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បានជន់លិចលើផ្ទៃដីដំណាំជាង ៤.០០០ ហិចតា រួមទាំងវាលស្រែ និងវាលសណ្តែកជាច្រើនទៀតផង។

អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកដីស្រែចំការនៅតំបន់ជនបទកាន់តែច្រើនចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់វិស័យកសិកម្មដ៏ផុយស្រួយរបស់ប្រទេសនេះ និងនាំមកនូវក្តីបារម្ភកាន់តែច្រើនអំពីការខូចខាតដំណាំ និងការឡើងថ្លៃបន្លែផងដែរ។
ភ្លៀងធ្លាក់ដ៏ខ្លាំងកាលពីចុងសប្ដាហ៍នៅក្នុងកូរ៉េខាងត្បូងបានសម្លាប់មនុស្ស៤០នាក់ ខណៈដែល៩នាក់ទៀតបាត់ខ្លួន៕