ប៉េកាំង៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបាននិយាយថា ព្យុះត្រូពិច ថាលីម បានក្លាយទៅជាព្យុះទីហ្វុងនៅព្រឹកថ្ងៃចន្ទ (១៧ កក្កដា)នេះ ហើយត្រូវបានកំណត់ថាជាព្យុះទីមួយក្នុងឆ្នាំនេះ ដែលបានបោកបក់ដល់ដីទៅក្នុងប្រទេសចិន ខណៈដែលក្រុមអាជ្ញាធរបានលុបចោលជើងហោះហើរជាច្រើន និងបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ។

រដ្ឋបាលឧតុនិយមចិនបានចេញការប្រកាសអាសន្នពណ៌លឿងទុំ ដោយនិយាយថា ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតខ្លាំងក្លាយជាព្យុះទីហ្វុងដ៏ធ្ងន់ធ្ងរពេលវាបោកបក់នៅពេលយប់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងពីខេត្តក្វាងតុងទៅកាន់ខេត្តហៃណាន។
ព្យុះទីហ្វុង ថាលីម ត្រូវបានកំណត់ថាជាព្យុះទីហ្វុងទី៤ នៅឆ្នាំនេះ ប៉ុន្តែជាព្យុះទី១ ដែលបានបោកបក់ដល់ដីគោកនៅក្នុងប្រទេសចិន នេះបើយោងតាមការព្យាករណ៍អាកាសធាតុ។ នៅព្រឹកថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា ព្យុះថាលីម ស្ថិតនៅចម្ងាយ ៣៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងចានជាំង (Zhanjiang) ក្នុងខេត្តហ្គ័ងតុង (Guangdong) ដោយផ្លាស់ទីក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ចិនបាននិយាយថា កម្រិតទឹកភ្លៀងនៅក្នុងទីក្រុងជាច្រើននៅភាគអាគ្នេយ៍ខេត្តហ្វ៊ូជាន (Fujian) និងខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតបានឈានដល់កម្រិត ២០០មីលីម៉ែត្រ ទៅ៣០០មីលីម៉ែត្រ ក្នុងរយៈពេលបីម៉ោងនៅព្រឹកថ្ងៃចន្ទនេះ៕