អាស៊ាន៖ អ្នកវិភាគឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា វោហារសាស្ត្ររបស់អង្គការណាតូ (NATO) ដែលលាបពណ៌ប្រទេសចិនថា ជាមហាអំណាចឈ្លានពាន បានបង្កើតនូវយល់ដឹងក្លែងក្លាយពីអសន្តិសុខ នៅក្នុងបណ្តាប្រទេសអាស៊ី និងពលរដ្ឋរបស់ប្រទេសទាំងនេះ ដែលជំរុញឲ្យប្រទេសបង្កើនការចំណាយផ្នែកយោធា និងពាក់ព័ន្ធនឹងការរត់ប្រណាំងសព្វាវុធ។ ហើយវត្តមាន និងការពង្រីកខ្លួនរបស់អង្គការនេះ ក៏បានធ្វើឲ្យប៉ះពាល់ស្ថានភាពមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតភាពនៃបណ្តាប្រទេសមួយចំនួន ព្រមទាំងធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិត ក្នុងស្ថានភាពគ្រោះថ្នាក់។
លោកស្រី Lee Pei May អ្នកជំនាញនយោបាយនៃសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិម៉ាឡេស៊ី បានប្រាប់សារព័តមាន Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា ដោយបានដើរហួសពីវត្ថុបំណងដើមរបស់ខ្លួន ការបន្តពង្រីកខ្លួនជារឿយៗរបស់អង្គការណាតូ កំពុងជះឥទ្ធិពលជាអស្ថិរភាពលើកិច្ចការពិភពលោក ខណៈដែលប្លុកនេះ នៅតែព្យាយាមពាក់ព័ន្ធក្នុងពិភពលោកពហុប៉ូលដែលកំពុងលេចធ្លោនេះ។
លោកស្រីបាននិយាយថា សម្ព័ន្ធភាពយោធានេះ ទោះបីជាត្រូវបានបង្កើតឡើងដោយប្រទេសដៃគូនៅអឺរ៉ុបក៏ដោយ ក៏ប៉ុន្តែអង្គការនេះបានសម្របតាមទាំងស្រុង ចំពោះឆន្ទៈរបស់សហរដ្ឋអាមេរិក ដែលធ្វើសកម្មភាពជាឯកតោភាគី ខណៈពេលដែលរំពឹងថា នឹងមានការអនុលោមតាមយ៉ាងស្ងាត់ស្ងៀមរបស់ប្រទេសសមាជិកផ្សេងទៀត។ លោកស្រី Lee បានលើកឡើងថា ការបន្តវោហារសាស្ត្រប្រឈមដាក់គ្នារបស់ណាតូនេះ មិនត្រឹមតែសំដៅប្រឆាំងនឹងប្រទេសដែលខ្លួនយល់ឃើញថា ជាសត្រូវ នៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថែមទាំងបានរាលដាលដល់ទ្វីបអាស៊ីហើយ ដោយសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ កំពុងតាំងខ្លួនប្រកួតប្រជែងជាមួយចិន ដោយធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្ថិតក្នុងគ្រោះថ្នាក់។
លោកស្រី Lee បានបន្ថែមថា វិធានការណ៍ដាក់សម្ពាធដល់សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ផងដែរ ប្រសិនប្រទេសជាសមាជិកបានដាក់ខ្លួនចូលទៅ ហើយជ្រើសរើសយកភាគីម្ខាងទៀត ប្រឆាំងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ដោយជំរុញឲ្យអាស៊ានរក្សាមជ្ឈត្តភាព និងអព្យាក្រឹតភាពរបស់ខ្លួនជំនួសវិញ ហើយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកស្រី Lee បានសង្កត់ធ្ងន់ថា សមាជិកអាស៊ានមានសិទ្ធិបង្ហាញនូវកង្វល់របស់ខ្លួន និងរក្សាជំហររបស់ខ្លួន ដោយបដិសេធការប៉ុនប៉ង ក្នុងទាញពួកគេឲ្យចូលទៅក្នុងសម្ព័ន្ធភាពណាមួយ៕



