ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaមាននូវជំនួបជាមួយក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅទីក្រុងសមុទ្រក្រហម Jeddahជាកន្លែងដែលលោកបានធ្វើដំណើរមកដល់កាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ។
អារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនៅតែប្តេជ្ញាចិត្តទទួលយកការផ្គត់ផ្គង់ប្រេងសម្រាប់ប្រទេសជប៉ុន ហើយនិងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ លើអ៊ីដ្រូហ្សែនស្អាត អាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។
សេចក្តីថ្លែងការណ៍បង្ហោះនៅលើគេហទំព័រក្រសួងថាមពលដោយដកស្រង់សម្តីរដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Abdulaziz bin Salman បានឲ្យដឹងថា រាជាណាចក្រមួយនេះ នឹងបន្តផ្គត់ផ្គង់ប្រេងឆៅអារ៉ាប៊ីសាអូឌីតសម្រាប់បម្រុងប្រេងរបស់រដ្ឋបាលខេត្ត Okinawaនៅភាគខាងត្បូងប្រទេសជប៉ុន ។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីផលិតអ៊ីដ្រូហ្សែនស្អាត ផលិតអាម៉ូញាក់ និងប្រេងឥន្ធនៈកាបូនដែលបានកែឆ្នៃឡើងវិញ ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងវិនិយោគអារ៉ាប៊ីសាអូឌីតលោក Khalid al-Falih បាននិយាយប្រាប់ទូរទស្សន៍រដ្ឋ Al Ekhbariya ថា ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន ២៦កិច្ចព្រមព្រៀង អំឡុងដំណើរទស្សនកិច្ចរបស់លោក Kishida ៕


