អ៊ុយក្រែន៖ អង្គភាពស្រាវជ្រាវអ៊ុយក្រែន បានគាស់សាកសពនៅភូមិមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេស ដែលពួកគេនិយាយថា វាគឺជាសាកសពទាហានរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមកាលពីរយៈពេលជាច្រើនខែមុន ។
ក្រុម 'Platsdarm' គឺជាក្រុមស្រាវជ្រាវដែលបានធ្វើការចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយពួកគេគាស់យកសាកសពទាំងជនស៊ីវិល និងយោធា ចេញពីសមរភូមិប្រយុទ្ធ ។
លោក Oleksii Yukov គឺជាប្រធានក្រុមស្រាវជ្រាវនេះ និយាយថា ពួកយើងបានរកឃើញសាកសពទាហានរុស្ស៊ីទី ៤៤៥ នៅជិតភូមិ Dolynaដែលស្ថិតនៅជិតខ្សែត្រៀមមុខរហូតដល់អ៊ុយក្រែនដណ្តើមបានផ្នែកមួយចំនួនមកវិញនៅតំបន់ Donetsk កាលពីខែកញ្ញា ឆ្នាំមុន ។

លោក Yukov បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យោធាអ៊ុយក្រែន បានដោតទង់ជាតិនៅលើអតីតទីតាំងឈរជើងរបស់យោធារុស្ស៊ី ជាសញ្ញាសំគាល់សម្រាប់ក្រុមរបស់លោក ។
ក្រុមរបស់លោកមានជំនឿថា សញ្ញាសំគាល់កងទ័ពរុស្ស៊ី បានរកឃើញរួមទាំងសាកសពដែលបង្ហាញថាវាទំនងជាសាកសពទាហានរុស្ស៊ី ៕
