អ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia Al-Sudani និងប្រធានាធិបតីស៊ីរីលោក Bashar al-Assad មាននូវជំនួបពិភាក្សាការងារជាលើកដំបូងនៅទីក្រុងដាម៉ាស់ ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិលស៊ីរី កាលពីឆ្នាំ ២០១១ ។
លោក Assad និងលោក Sudani បានពិភាក្សាលើការធានាព្រំដែនរួមរបស់ពួកគេពីការគំរាមកំហែងសន្តិសុខ រួមទាំងក្រុមជីវពលរដ្ឋអ៊ីស្លាម ហើយមេដឹកនំាទាំង ២ បានយល់ព្រមធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការកាត់បន្ថយការរត់ពន្ធគ្រឿងញៀន ។
លោក Sudani និយាយថា ពួកគេបានពិភាក្សាផងដែរលើវិធីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ហើយនិងតម្រូវការធានាសុវត្ថិភាពការផ្គត់ផ្គង់ទឹកធ្លាក់ចុះ ដោយសារតែការធ្វើទំនប់នៅខ្សែទឹកខាងលើដោយប្រទេសទួរគី ។
មេដឹកនាំទាំង ២ គ្រោងនឹងជជែកគ្នាផងដែរពីលទ្ធភាពនៃការបើកដំណើរការឡើងវិញបំពង់បង្ហូរប្រេងនាំចេញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលអាចជួយអ៊ីរ៉ាក់ឲ្យមានភាពចម្រុះលើផ្លូវនាំចេញប្រេងរបស់ពួកគេ ។
អ៊ីរ៉ាក់ និងស៊ីរី ដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាជិតស្និទ្ធជាមួយប្រទេសមហាអំណាចក្នុងតំបន់អ៊ីរ៉ង់ដែរនោះ នៅតែរក្សាទំនាក់ទំនងពេញសង្រ្គាមស៊ីវិល បើទោះបីជារដ្ឋអារ៉ាប់ផ្សេងទៀត បានដកក្រុមឯកអគ្គរដ្ឋទូតរបស់ពួកគេ និងបិទស្ថានទូតរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី ក៏ដោយ ៕

