ស្វាយរៀង ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន អស់ប្រាំអាណត្តិមកហើយ ធ្វើឱ្យប្រទេសមានសន្តិភាព ស្ថិរភាព នយោបាយ ពលរដ្ឋមានការ វិវត្តលើផ្នែកជីវភាព ដែលសម្រាប់អាណត្តិទី៦ នេះ ពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង នៅតែ មានជំនឿចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយរំពឹងថា នឹងបន្តការអភិវឌ្ឍប្រទេសជាតិទ្វេរដង។
ពលរដ្ឋក្រុងស្វាយរៀង ខេត្តស្វាយរៀង បានសម្ដែងការអបអរសារទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលត្រូវ បានប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតជ្រើសរើសឱ្យដឹកនាំប្រទេសអាណត្តិទី៦នេះទៀត ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយពួកគេរំពឹងថា សម្តេចនឹងធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសនេះ ជាបន្ត ទៀត ជាពិសេស គឺការគិតគូរដោះស្រាយចំពោះបញ្ហាអំពើពុករលួយ នៅក្នុងមូលដ្ឋានរបស់ពួកគេ។
ប្រជាពលរដ្ឋ បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី ដែលទទួលបានការគាំទ្រ ជឿជាក់ និងទុកចិត្ត ពីសំណាក់ប្រជា ពលរដ្ឋ ឱ្យបន្តដឹកនាំប្រទេសជាតិសម្រាប់អាណត្តិថ្មីនេះ ទៀតនោះ នឹងបន្តរក្សាការពារសន្តិភាព បន្តធ្វើការអភិវឌ្ឍប្រទេស ជាតិបន្ថែម ខណៈដែលប្រទេសជាតិ នៅពេលបច្ចុប្បន្ន ត្រូវបានពួកគេមើលឃើញថា មានភាពរីកចម្រើនច្រើនហើយនោះ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ខេត្តស្វាយរៀង បច្ចុប្បន្ន បានប្រែក្លាយមុខមាត់ថ្មី ពីក្រខ្សត់ មកជាមានរោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ ផ្ដល់ឱកាសដល់កូនចៅពលរដ្ឋមានការងារធ្វើ ស្រូបកម្រៃពលកម្មយកមក បម្រើជីវភាព និងអភិវឌ្ឍន៍គ្រួសារ ក្នុងសេចក្តីសុខ និងសេចក្តីថ្លៃថ្នូរ។ ពលរដ្ឋ ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការលុប បំបាត់មន្ត្រីពុករលួយ នៅតាមមន្ទីរ អង្គភាពរដ្ឋផង ខណៈដែលកន្លងមក ពួកគេបានឃើញការប្រព្រឹត្តរបស់មន្ត្រីមន្ទីរ អង្គភាពមួយចំនួន ក្នុងខេត្តស្វាយរៀង មិនត្រូវតាមទម្រង់ច្បាប់នោះ។
ខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំជាបន្តបន្ទាប់ ពីសម្តេចតេជោ ហ៊ុន សែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានទទួលនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយត្រូវបានគណៈកម្មាធិការប្រឡងប្រណាំងទីក្រុងស្អាត បាន ផ្តល់រង្វាន់ផ្ការំដួលពីរទង ដល់ក្រុងស្វាយរៀង និងផ្ការំដួលមួយទង ដល់ក្រុងបាវិត នាពេលកន្លងទៅផងដែរ៕

