
កិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមសមុទ្រខ្មៅ ត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃចន្ទនេះ ប្រសិនបើរុស្ស៊ីមិនយល់ព្រមបន្តវាទៅទៀត។
នាវាដឹកទំនិញចុងក្រោយដែលត្រូវបានបញ្ជាក់ច្បាស់ដោយភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បានចាកចេញពីប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ហើយត្រូវធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅពីកំពង់ផែ Odesa ឆ្ពោះទៅកាន់ប្រទេសទួរគី នេះបើយោងតាមគេហទំព័រMarine Traffic។
ពុំទាន់មិនមានពាក្យសម្តីបញ្ជាក់ណាមួយចេញពីកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ជាទីដែលក្រុមមន្ត្រីទួរគី និងUN កំពុងព្យាយាមបញ្ចុះបញ្ចូលទីក្រុងមូស្គូឲ្យយល់ព្រមលើការបន្តកិច្ចព្រមព្រៀងនេះតទៅទៀត។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់ប្រភពពីUN ដោយនិយាយថា ពួកគេនៅតែសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបន្តមុនពេលផុតកំណត់របស់វានៅពាក់កណ្តាលអធ្រាត្រ ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល (២១:00ម៉ោងសកល)។
ប្រភពនោះ បានប្រាប់សារព័ត៌មាន TASS ថា៖«យើងនៅតែរង់ចាំនៅទីក្រុងម៉ូស្គូ អ្វីៗអាចធ្វើទៅបាន»៕