
សហភាពអឺរ៉ុប (EU) ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសមកតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីព នៅក្នុងកិច្ចប្រជុំកំពូល នៅថ្ងៃចន្ទ (ទី១៧ ខែកក្កដា) ដែលការជួបគ្នានេះ ធ្វើឡើងដោយសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងតានតឹងប្រសើរឡើងវិញ បើទោះបីជាមានគំនិតខ្វែងគ្នា ជុំវិញបញ្ហាពាណិជ្ជកម្ម និងការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។
នេះជាការជួបប្រជុំគ្នាជាលើកទី៣ រវាងសហភាពអឺរ៉ុប ដែលមានស្នាក់ការនៅទីក្រុងប្រ៊ុចសែល និងសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីព (CELAC) ប៉ុន្តែជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់កិច្ចប្រជុំនេះ ត្រូវបានផ្អាកដោយសារបញ្ហាមួយចំនួន បានបំផ្លាញទំនាក់ទំនងដ៏ជិតស្និទ្ធ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយស្វាគមន៍ពេលជួបប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ថា៖ «យើងត្រូវការមិត្តភក្តិជិតស្និទ្ធរបស់យើង ដើម្បីនៅខាងយើង ក្នុងពេលវេលាមិនច្បាស់លាស់នេះ»។
នៅពេលដែលមេដឹកនាំសហភាពអឺរ៉ុប និង CELAC បានជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល អ្នកការទូតកំពុងព្យាយាមយល់ស្របលើពាក្យពេចន៍នៃសេចក្តីថ្លែងការណ៍ចុងក្រោយ ដោយអឺរ៉ុបជំរុញឲ្យគ្រប់ប្រទេសទាំងអស់មានជំហររឹងមាំប្រឆាំងនឹងទីក្រុងម៉ូស្គូ។ តែយ៉ាងណាក្ដី ប្រទេសមកពីតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីពចំនួន៣៣ មិនមានជំហរព្រមព្រៀងគ្នាលើសង្រ្គាមអ៊ុយក្រែននោះទេ ដោយប្រទេសខ្លះចង់ការពារទំនាក់ទំនងជាមួយរុស្ស៊ី ឬស្វែងរកការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព៕