
ផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញដោយអគ្គិភ័យ នៅក្នុងតំបន់ក្រីក្រមួយក្នុងទីក្រុងកំពង់ផែ Durban អាហ្វ្រិកខាងត្បូង។ មនុស្សម្នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យដែលឆេះកាត់ផ្លូវ Kennedy Road ទីលំនៅក្រៅផ្លូវការកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែអ្នកស្រុកគិតថាអាចនឹងរកឃើញសាកសពបន្ថែមទៀត។
មូលហេតុនៃការឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណា សាក្សីខ្លះនិយាយថា វាចាប់ផ្ដើមនៅពេលមនុស្សពីរនាក់ដែលកំពុងផឹកស្រាបានឈ្លោះប្រកែកគ្នា។
អ្នកនាំពាក្យកាកបាទក្រហមអាហ្រ្វិកខាងត្បូងម្នាក់បានពិពណ៌នាឧប្បត្តិហេតុថាជាគ្រោះមហន្តរាយ ហើយបានប៉ាន់ប្រមាណថា ផ្ទះតូចៗប្រហែល ១.០០០ខ្នងអាចត្រូវបានបំផ្លាញ ដែលធ្វើឱ្យមនុស្សប្រហែល ៣.០០០នាក់គ្មានផ្ទះសម្បែង៕