
ប្រទេសចិនបានប្រតិកម្មដោយកំហឹង នៅថ្ងៃចន្ទ (ទី១៧ ខែកក្កដា) នេះ ចំពោះដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅខែក្រោយ ដោយអ្នកបំបែកខ្លួន ដែលឈរឈ្មោះប្រកួតប្រជែងតំណែងមេដឹកនាំ នៅកោះតៃវ៉ាន់ គឺមេដឹកនាំលំដាប់ទី២ លោក William Lai ខណៈដែលរដ្ឋាភិបាល នៅទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនមើលមិនឃើញហេតុផល ដែលនាំឲ្យមានប្រតិកម្មហួសហេតុបែបនេះ ចំពោះការដែលគ្រាន់តែឈប់ឆ្លងកាត់នោះ។
ថ្លែងនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា រដ្ឋាភិបាល បានដាក់កំណត់ទូតតវ៉ារួចហើយទៅសហរដ្ឋអាមេរិកអំពីការឈប់មួយភ្លែតរបស់លោក Lai នេះ។
មេដឹកនាំ និងមេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ តែងតែឈប់សំចតនៅសហរដ្ឋអាមេរិក ក្នុងដំណើរទៅកាន់ប្រទេសដទៃមួយចំនួនផ្សេងទៀត ដែលនៅតែរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះ ដែលត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន ហើយលើកនេះ លោក Lai នឹងធ្វើដំណើរទៅចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសប៉ារ៉ាហ្គាយ គឺលោក Santiago Pena។
ទោះជាយ៉ាងណាក៏ដោយ ដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ នឹងមានសារៈសំខាន់បន្ថែមទៀត ក្នុងខណៈដែលលោក Lai កំពុងឈរឈ្មោះបន្តតំណែងមេដឹកនាំពីលោកស្រី Tsai Ing-wen ក្នុងការបោះឆ្នោតបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងខែមករា ហើយជាទូទៅ បេក្ខជនតំណែងមេដឹកនាំរបស់កោះនេះ តែងធ្វើដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិកមុនការបោះឆ្នោត ដើម្បីពិភាក្សាអំពីទិសដៅរបស់ពួកគេជាមួយមន្ត្រីនៅទីនោះ។ បច្ចុប្បន្ននេះ លោក Lai កំពុងនាំមុខគេក្នុងការស្ទង់មតិភាគច្រើន៕