ប្រទេសរុស្ស៊ីបានបញ្ឈប់ការចូលរួមកាលពីថ្ងៃចន្ទនៅក្នុងកិច្ចព្រមព្រៀងមានអាយុកាលមួយឆ្នាំ សម្របសម្រួលដោយអង្គការសហប្រជាជាតិដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅដែលបណ្តាលឲ្យមានការព្រួយបារម្ភនៅក្នុងប្រទេសក្រីក្រថា ការកើនឡើងតម្លៃ នឹងធ្វើឲ្យពួកគេមិនអាចទទួលបានស្បៀងអាហារ។

ប៉ុន្មានម៉ោងមុននេះ ការបំផ្ទុះមួយបានវាយប្រហារស្ពានរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីម៉េ ជាអ្វីដែលទីក្រុងមូស្គូហៅថា ការវាយប្រហារដោយយានដ្រូនតាមសមុទ្ររបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សពីរនាក់។
ទីក្រុងមូស្គូ បាននិយាយថា វាគឺជាការវាយប្រហាររបស់ភេរវករនៅលើស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

វិមានក្រឹមឡាំងបាននិយាយថា ពុំមានជាប់ពាក់ព័ន្ធរវាងការវាយប្រហារនេះ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ ជុំវិញអ្វីដែលហៅថាការបរាជ័យក្នុងការបំពេញការទាមទាររបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងស្របគ្នានៃការបន្ធូរបន្ថយច្បាប់សម្រាប់ការនាំចេញស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្តល់សញ្ញាថា ការដកខ្លួនរបស់រុស្ស៊ីមានន័យថា កិច្ចព្រមព្រៀងដែលពាក់ព័ន្ធដើម្បីជួយដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីក៏ត្រូវបានបញ្ចប់ផងដែរ។
លោក បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តកាលពីថ្ងៃរបស់សហព័ន្ធរុស្ស៊ីនឹងប៉ះពាល់ដល់មនុស្សដែលត្រូវការជំនួយនៅគ្រប់ទីកន្លែង៕