បាល់ទាត់៖ អ្នកចាត់ការលោក Roberto Mancini បានចុះហត្ថលេខាលើកិច្ចសន្យាបន្តដឹកនាំក្រុមជំរើសជាតិអ៊ីតាលីដល់ឆ្នាំ២០២៦ ដែលធ្វើអោយអតីតអ្នកចាត់ការ Manchester City រូបនេះបន្តដឹកនាំអ៊ីតាលីដល់ World Cup ពីរជំនាន់ទៀត។ សហព័ន្ធបាល់ទាត់អ៊ីតាលីបានសំរេចផ្តល់កិច្ចសន្យាថ្មី បន្ទាប់ពីអ្នកចាត់ការវ័យ ៥៦ឆ្នាំរូបនេះដឹកនាំអ៊ីតាលីឈ្នះទាំង ១០ប្រកួតក្នុងការប្រកួតជំរុះ Euro កន្លងមក។

លោក Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជំរើសជាតិអ៊ីតាលីនៅឆ្នាំ២០១៨ បន្ទាប់ពីអ៊ីតាលីខកខានមិនបានប្រកួតនៅ World Cup ២០១៨ ដែលនៅពេលនោះអ៊ីតាលីក្រោមការដឹកនាំរបស់លោក GianPiero Ventura។ អ៊ីតាលីស្ថិតក្នុងពូល A ដោយនឹងត្រូវជួបទួរគីនៅថ្ងៃទី១១ ខែមិថុនានៅទឹកដីខ្លួនឯងទីក្រុងរ៉ូម មុនបន្តជួបជាមួយស្វីសថ្ងៃទី១៦ និងចុងក្រោយជួបវែលថ្ងៃទី២០។ អ៊ីតាលីក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Nations League បួនក្រុមចុងក្រោយនៅខែតុលាផងដែរ ដោយអ៊ីតាលីនឹងត្រូវជួបអេស្ប៉ាញ ខណៈបារាំងជួបប៊ែលហ្ស៊ិក៕
អត្ថបទ៖នាង សុភាវុធ