មនុស្ស២៥ម៉ឺននាក់ ត្រូវបានជម្លៀស នៅក្នុងភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះដ៏ធំមួយបានបោកបក់កាលពីល្ងាចថ្ងៃចន្ទទី១៧ កក្កដា ដោយនាំមកជាមួយនូវខ្យល់និងភ្លៀងធ្លាក់ខ្លាំង និងបង្ខំឲ្យលុបចោលជើងហោះហើរ និង ថភ្លើងរាប់រយជើង ។

រដ្ឋបាលឧតុនិយមរបស់ចិន បាននិយាយថា ព្យុះទីហ្វុងតាលីម (Talim) ដែលជាព្យុះទី៤ក្នុងឆ្នាំនេះ បានវាយប្រហារតំបន់ឆ្នេររបស់ខេត្តខ្វាងទុង(Guangdong) នៅម៉ោងប្រហែល១០និង២០នាទីយប់ ដែលនាំខ្យល់កម្លាំងអតិបរមា ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ។
អ្នកព្យាករអាកាសធាតុបានបញ្ចេញសញ្ញាប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាការព្រមានកម្រិតទី២ ក្នុងប្រព័ន្ធពណ៌ដែលមាន៤ ។
មនុស្សជិត២៣ម៉ឺននាក់ នៅក្នុងខេត្តខ្វាងទុង ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព មុនពេលព្យុះមកដល់ រួមទាំងកម្មករនេសាទប្រមាណជាង៨ពាន់នាក់ ដែលត្រូវបាននាំមកកាន់ឆ្នេរ នេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ។
ក្រុមអាជ្ញាធរក្នុងស្រុក ក៏បានបញ្ជាឲ្យបិទទីតាំងទេសចរឆ្នេររាប់សិបកន្លែងផងដែរ។
ចំណែកក្រុមអាជ្ញាធរនៅក្នុងប្រទេសវៀតណាម វិញ បាននិយាយថា ពួកគេកំពុងត្រៀមជម្លៀសមនុស្សប្រមាណ ៣ម៉ឺននាក់ ចេញពីតំបន់ដែលត្រូវបានព្យាករថា នឹងរងគ្រោះធ្ងន់ធ្ងរបំផុត ក្នុងខេត្ត ខ្វាងនីញ( Quang Ninh) និងហាយផុង( Hai Phong) កាលពីរសៀលថ្ងៃចន្ទផងដែរ ៕
