ជើងឯកប្រណាំងម៉ូតូ GP ពិភពលោក ៩សម័យ កីឡាករអ៊ីតាលី Valentino Rossi រកបានជ័យជំនះដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត GT World Challenge Europe Race នៅលើទីលាន Misano ទឹកដីអ៊ីតាលី ដែលជាទឹកដីកំណើត។
Valentino Rossi និងមិត្តរួមក្រុម WRT BMW, Maxime Martin បានធ្វើការប្រណាំងជុំទី ២ នៃការប្រកួតរដូវកាលនេះពានរង្វាន់ Sprint Cup ដែលជាព្រឹត្តិការណ៍របស់ GT World Challenge Europe Race។
នេះជាជ័យជំនះដំបូង និងធំបំផុតសម្រាប់ Valentino Rossi ចាប់តាំងពីចាកចេញពីអាជីពកាន់ចង្កូតម៉ូតូ មកកាន់ចង្កូតឡាន។
ជ័យជំនះនេះដែថ ក៏បានធ្វើឱ្យ Valentino Rossi ឡើងឈរលេខ ២ ក្នុងតារាងជើងឯក។
រំលឹកថាកីឡាករវ័យ ៤៤ ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍ពីអាជីពប្រណាំងម៉ូតូនៅឆ្នាំ ២០២១។
មុនចូលនិវត្តន៍ Rossi ក៏ធ្លាប់បានឆ្លៀតពេលចូលរួមការប្រកួតប្រណាំងរថយន្តមួយចំនួនដែរដូចជា Gulf 12 Hours នៅឆ្នាំ ២០១៩ និង ២០២០ មុនពេលឈានជើងចូលផ្លូវការប្រណាំងឱ្យក្រុម WRT នៅ GT World Challenge Europe Race នៅឆ្នាំ ២០២២៕ អត្ថបទ៖នាង សុភាវុធ

